អាជ្ញាធរ​ណែនាំ​ឱ្យ​ម្ចាស់ផ្ទះ​សំណាក់-សណ្ឋាគារ ត្រូវមាន​អាង​បម្លែង មុន​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ

  • 2018-12-18 02:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​នូវ​វិធានការ​ចំនួន​២៖

ទី១. ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ ប្រកប​អាជីវកម្ម ត្រូវមាន​អាង​ប្រតិកម្ម ឬថាំង​ផ្លាកស្ទិក មុននឹង​បង្ហូរ​ទឹក​កខ្វក់​ចូល​លូ ចេញទៅ​សមុទ្រ។

ទី២. ចាប់​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ ឬ​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ ​ចាំបាច់​ត្រូវមាន​អាង​ប្រតិកម្ម ឬថាំង​ផ្លាកស្ទិក។ ប្រសិនបើ​មិនអនុវត្ដ​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ទេ នៅថ្ងៃទី​២៨ ខែធ្នូ​ខាងមុខនេះ អាជ្ញាធរខេត្ត​នឹង​ចាប់ផ្ដើម​អនុវត្ត​តាម​ផ្លូវច្បាប់​ជា​ធរមាន ដោយត្រូវ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន។ 

វិធានការ​ខាងលើ​នេះ ត្រូវបាន​លើកឡើង​ដោយ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨។ នេះបើតាម​ការចុះផ្សាយ​របស់​វេបសាយ​ក្រសួង​ព័ត៌មាន។

ទឹក​កខ្វក់​ហូរ​ចេញ​ពី​សណ្ឋាគារ​មួយ​នៅ​ជាប់​ឆ្នេរ​អូរ​ឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ។ រូបថត៖ អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៨។
លោក យន្ត មីន បាន​បញ្ជាក់​ថា បើមាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ម្ចាស់ផ្ទះ សំណាក់ សណ្ឋាគារ បញ្ហា​ទឹក​កខ្វក់​ នឹងត្រូវ​បាន​កាត់​បន្ថយ​បាន​រហូត​ដល់​៩៨​ភាគរយ ដើម្បី​បរិស្ថាន​មឆ្នេរ​សមុទ្រ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​លេង​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ជា​រៀងរាល់​ឆ្នាំ។

លោក​អភិបាល​ខេត្ដ​ បន្ត​ថា ដោយសារ​កំណើន​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ​នៅខេត្ត​ព្រះសីហនុ មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ប៉ុន្ដែ​បញ្ហាទឹក​កខ្វក់ ក៏ជា​កង្វល់​របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​គណៈកម្មការ​ឆ្នេរ​ផងដែរ ក្នុងការ​ដោះស្រាយ​ទឹក​កខ្វក់ ហូរចូល​ក្នុង​សមុទ្រ។

បច្ចុប្បន្ន​ខេត្តព្រះសីហនុ មាន​ស្ថានីយ​បូមទឹក​កខ្វក់ ៤​កន្លែង ហើយ​អាជ្ញាធរ​ខេត្ដ​កំពុង​សិក្សា​ស្ថានីយ​នៅខាងមុខ​សាលាខេត្ត ដើម្បី​បូមទឹក​កខ្វក់​បញ្ចៀស ចេញកុំ​ឱ្យហូរ​ចូល​សមុទ្រ បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​សមាជិក​ក្លឹប​ឆ្នេរស្អាត​លើ​ពិភពលោក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;