ឥណ្ឌា ផ្តល់​ជំនួយ​ ១,៤ពាន់​លាន​ដុល្លារ​ឱ្យ​ម៉ាល់ឌីវ ខណៈ​ប្រទេស​នេះ កំពុង​តស៊ូ​នឹង​បំណុល​ចិន

  • 2018-12-18 04:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​រដ្ឋមន្រ្តី​ឥណ្ឌា លោក ណារិនដ្រា មូឌី បាន​ថ្លែង​កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៨​ថា ឥណ្ឌា នឹង​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន ១,៤ពាន់​លាន​ដុល្លារ ឱ្យ​ប្រទេស​ម៉ាល់ឌីវ ដែល​នេះគឺ​ជាការ​ផ្តល់ជំនួយ​ដ៏ធំ​បំផុត។ ការប្រកាស​ផ្តល់ជំនួយនេះ ធ្វើឡើង​ក្នុងខណៈដែល​ប្រទេស​ម៉ាល់ឌីវ កំពុង​តស៊ូ​ជាមួយ​នឹង​បំណុល​របស់ចិន​​យ៉ាងច្រើន​ក្រាស់ក្រែល។ នេះបើ​តាមការ​ចុះផ្សាយ​របស់ Reuters។

លោក មូឌី បាន​ធ្វើការ​ប្រកាស​ដូច្នេះ​បន្ទាប់ពី​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ម៉ាល់ឌីវ​ថ្មី លោក Mohamed Ibrahim Solih។ លោក​ Solih ដែល​មាន​និន្នាការ​ទៅរក​ឥណ្ឌា បាន​ប្រកួត​ឈ្នះ​លើ​បុរស​ខ្លាំង​ដែលមាន​និន្នាការ​ទៅចិន គឺលោក Abdulla Yameen នៅ​ក្នុងការ​បោះឆ្នោត​មួយ កាលពីខែ​តុលា​កន្លង​ទៅ។

បើតាម​ Reuters ក្នុង​អំឡុង​ការ​សាងសង់​រយៈពេល ៥ឆ្នាំ​នៅ​ម៉ាល់ឌីវ ចិន​បាន​កសាង​ស្ពាន​ឆ្លងកាត់​សមុទ្រ​ដ៏សំខាន់​មួយ​ដែលភ្ជាប់​រដ្ឋធានី Male ទៅកាន់​ព្រលាន​យន្តហោះ ព្រមទាំង​ការអភិវឌ្ឍ​ព្រលាន​យន្តហោះ និង​សង់​លំនៅឋាន​ជាច្រើន​ផងដែរ។ ប៉ុន្តែ​សកម្មភាព​សាងសង់​ដ៏រហ័ស​បែបនេះ បាន​បង្ក​ជាក្តី​បារម្ភ​សម្រាប់​ម៉ាល់ឌីវ ដែលអាច​ជាប់​បំណុល​ចិន​ពី ១,៥ ទៅ ៣ពាន់លាន​ដុល្លារ។

កម្មករចិន កំពុងឈរមើលស្ពាន​ឆ្លងកាត់សមុទ្រក្នុងប្រទេសម៉ាល់ឌីវ ដែលសាងសង់ដោយចិន (រូបថត៖ Reuters)
លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា បញ្ជាក់​ថា៖ «**សម្រាប់​ម៉ាល់ឌីវ ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច គឺ​យើងបាន​នឹង​កំពុង​ផ្តល់​នូវ​ជំនួយ​ហិរញ្ញប្បទាន ១,៤ពាន់​លាន​ដុល្លារ ក្នុង​កំណែ​ទម្រង់​នៃការ​គាំទ្រ​ថវិកា កិច្ច​ព្រមព្រៀង​ដោះដូរ​រូបិយបណ្ណ (Currency Swap) និង​ឥណទាន​សម្បទាន**»។ លោក​បាន​ចាត់ទុក​ម៉ាល់ឌីវ ជាមិត្ត​ដ៏ជិតស្និទ្ធ​មួយ និង​ជាអ្នកជិត​ខាងគ្នា ព្រម​ទាំង​ត្រៀមខ្លួន​ជួយ​ជានិច្ច៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;