សម្ដេច ហេង សំរិន៖ CPP ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ

  • 2018-12-18 04:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​បញ្ជាក់​ថា ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ សភាពការណ៍​ក្នុង​ប្រទេស និង​សភាពការណ៍​អន្តរជាតិ​មាន​ការវិវត្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​ស្មុគស្មាញ ដែល​ទាមទារឲ្យ CPP ត្រូវ​តាមដាន និង​ធ្វើការសម្រេច​ចិត្ត​ខាង​នយោបាយ​ដោយ​ប្រុងប្រយ័ត្នបំផុត ដើម្បី​រក្សាការពារ​បាន​នូវដំណើរ​សុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ បូរណភាព​ទឹកដី អធិបតេយ្យ ឯករាជ្យជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា។

សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ថ្លែង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល CPP នៅមជ្ឈមណ្ឌល​សន្និបាត​កោះពេជ្រ
ការ​បញ្ជាក់​របស់​សម្ដេច ហេង សំរិន ដូច្នេះ​បាន​ធ្វើឡើង​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល CPP លើក​ទី៤១ រយៈពេល ៣ថ្ងៃ គឺ​ពីថ្ងៃទី១៨ ដល់ ២០ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល​សន្និបាត​កោះពេជ្រ។

សម្ដេច ហេង សំរិន បន្ថែម​ទៀត​ថា "ផ្អែក​លើ​នេះ គណបក្ស​បានដាក់​ចេញនូវ​មាគ៌ានយោបាយ​ដ៏ត្រឹមត្រូវ​លើ​រាល់​បញ្ហាពាក់ព័ន្ធ ជាហេតុ​ធ្វើឲ្យសភាពការណ៍​កម្ពុជា​នៅ​ឆ្នាំ២០១៨ បន្ត​មាន​ការប្រែប្រួល​វិជ្ជមាន​ជាក់ស្តែង គឺ​ការបោះឆ្នោតជ្រើសតាំង​សមាជិក​សភា​ទាំងពីរ ពិសេស​ការជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិទី៦ បានប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មាន​អំពើហិង្សា និង​មាន​ការទទួលស្គាល់​ជាទូទៅ​នៅ​គ្រប់មជ្ឈដ្ឋាន លើកលែង​តែពួក​ប្រឆាំង និង​អ្នកគាំទ្រ​មួយ​ចំនួន ដែល​មាន​ឧបាយកល​ចង់ផ្តួលរំលំ​គណបក្សប្រជាជន​កម្ពុជា"។

សម្តេច ហេង សំរិន បានសង្កត់​ធ្ងន់ថា “យើងត្រូវ​ចងចាំ​កុំភ្លេច​ថា គណបក្ស​ប្រជាជនកម្ពុជា​កើតឡើង​ដោយសារ​ប្រជាជន ជា​របស់​ប្រជាជន ដើម្បី​បម្រើ​ប្រជាជន និង​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​នៅគ្រប់កាលៈទេសៈ។ … ពេលគណបក្ស​ទទួលបាន​ជ័យជម្នះ យើងរីករាយ​នឹង​ជ័យជម្នះ តែ​យើងមិនត្រូវ​ភ្លេច​ខ្លួន ឬស្កប់ស្កល់​នឹង​ជ័យជម្នះ​ឡើយ ព្រោះគ្រប់​សមរភូមិ​ភារកិច្ច​របស់យើង​សុទ្ធតែ​មាន​បញ្ហាប្រឈម ឬ​យថាហេតុ នៃ​ហានិភ័យ ដែល​អាច​កើតមា​នឡើង។ ដូច្នេះ​យើងទាំង​អស់គ្នា​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ប្រឹងប្រែង​ជាប់​ជានិច្ច ដើម្បី​សេចក្តី​សុខសាន្ត និង​ភាពសំបូរ​សប្បាយ​រុងរឿងរបស់​ប្រជាជន និង​ប្រទេស​ជាតិ​យើង”៕

គួរបញ្ជាក់ថា មហាសន្និបាត​នេះ នឹង​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ ដូចជា ៖

  • ១. ឆ្លង​សេចក្តីព្រាងរបាយការណ៍​ស្តីពី​សភាពការណ៍ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ២០១៨ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ២០១៩។

  • ២. ការបោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈចាត់ចែង និង​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ នៃ​គណៈកម្មាធិការ​កណ្តាល។

  • ៣. ការបោះឆ្នោត​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​មួយចំនួន៕

រូបភាព៖ ផ្ដល់ឲ្យ​ដោយ AKP

អត្ថបទ៖ សោភា

អត្ថបទថ្មី
;