វៀតណាម បើក​ដំណើរ​ការ​រោងចក្រ​​ផលិត​គ្រឿងបន្លាស់​យន្តហោះ​ជាលើកដំបូង

  • 2018-12-18 06:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ផលិត​គ្រឿង​បន្លាស់យន្តហោះ​ដំបូង​របស់​វៀតណាម ត្រូវបាន​បើក​សម្ពោធហើយ​កាលពី​ពេលថ្មីៗនេះ ដែល​មាន​ទីតាំង​នៅក្នុងសួន​ Hoa Lac Hi-Tech ក្នុងក្រុង​ហាណូយ។

រោងចក្រ​ដែល​ជា​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Hanwha Group តម្លៃ ២០០លាន​ដុល្លារ​នេះ ត្រូវបាន​រំពឹង​ថា នឹង​ចាប់ផ្តើម​ផលិតកម្ម​របស់ខ្លួន​នៅខែ​មករា ឆ្នាំ​២០១៩​ខាងមុខ​នេះ។

គណៈអធិបតី ទស្សនា​ក្នុងរោងចក្រផលិតគ្រឿងបន្លាស់យន្តហោះទីមួយរបស់វៀតណាម នៅថ្ងៃបើកសម្ពោធកាលពីថ្ងៃទី៦ធ្នូ ២០១៨។
ថ្លែង​ក្នុងពិធីបើក​សម្ពោធរោងចក្រនេះ លោក Nguyen Van Binh ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​មជ្ឈិម​បក្ស បាន​លើកឡើង​ថា រោងចក្រ​នេះ នឹង​ក្លាយ​ទៅជា​ការ​តំណាង​សម្រាប់​ការ​ផ្ទេរ​បច្ចេកវិទ្យា​ពី​សហគ្រាស​កូរ៉េ ទៅវៀតណាម និងការ​កសាង​សមត្ថភាព​ក្នុង​ប្រទេស។ មិន​តែប៉ុណ្ណោះ វាក៏នឹង​ទាក់ទាញ​​ក្រុមហ៊ុនបច្ចេកវិទ្យា​ពីកូរ៉េខាងត្បូង និង​ប្រទេសដទៃទៀត ទៅវិនិយោគ​ក្នុង​សួន Hoa Lac Hi-Tech ផងដែរ។

ចំណែក​លោក Kim Seung Yeon ដែល​ជា​ប្រធាន​ក្រុមហ៊ុន Hanwha Group បាននិយាយថា ក្រុមហ៊ុន​លោក គឺ​ជាក្រុមហ៊ុន​តែមួយគត់​របស់កូរ៉េខាងត្បូង ដែល​ផលិត​ម៉ាស៊ីន​យន្តហោះ និង​​ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុនទាំង១០ ដែល​មាន​បច្ចេកវិទ្យា​ឈានមុខគេ​ក្នុង​ពិភពលោក។

អ្នក​បច្ចេកទេស​ជាង ៤០នាក់​មកពី​ក្រុមហ៊ុន Hanwha Group នឹងមាន​វត្តមាន​នៅរោងចក្រនេះ ដើម្បី​បង្ហាត់​អ្នកបច្ចេកទេស​វៀតណាមប្រហែល ២០០នាក់។ រោងចក្រ​នេះ ត្រូវបាន​រំពឹង​ថា​នឹង​បង្កើត​ការងារ​បាន​រាប់​ពាន់​កន្លែង និងបង្កើន​គុណភាព​ខ្ពស់​ដល់​កម្មករ ព្រមទាំង​ចូលរួម​ចំណែក​សមត្ថភាព​បច្ចេកវិទ្យា​របស់​វៀតណាម​ផងដែរ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;