អ៊ីស្រាអែល គ្រោង​បញ្ជូន​យាន​អវកាស​ទៅភពព្រះចន្ទ​ជាលើក​ដំបូង នៅ​ដើមឆ្នាំ​ក្រោយ

  • 2018-12-18 08:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អ៊ីស្រាអែល គ្រោង​នឹង​បញ្ជូន​យានអវកាស​មួយ​ឈ្មោះ Beresheet ទៅកាន់​ភព​ព្រះចន្ទ នៅ​អំឡុង​ដើមឆ្នាំ​២០១៩​ខាងមុខ​ បន្ទាប់ពី​យាន​នេះ​ត្រូវបាន​បញ្ចប់​ការ​សាងសង់ និង​ធ្វើតេស្ត​រួចរាល់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Ido Anteby នាយក​អង្គការ SpacelL ដែល​ដឹកនាំ​គម្រោង​នេះ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក​បាន​ឱ្យដឹង​ថា ក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត យាន​អវកាស​នេះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដែល​ជា​កន្លែង​ត្រូវបាញ់​បង្ហោះ តាម​រយៈ​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន Space X។

យាន​អវកាស​ដែល​មាន​រូបរាង​ដូចជា​តុមូល​មួយ​នេះ មាន​កម្ពស់ ១,៥ម៉ែត្រ និង​ទម្ងន់ ៥៨៥គីឡូក្រាម ។

ក្រុមវិស្វករដែលសាងសង់យានអវកាស Beresheet
ប្រសិនបើ​ទទួល​ជោគជ័យ នោះ​អ៊ីស្រាអែល នឹង​ក្លាយ​ជាប្រទេស​ទី៤ ដែល​បាន​ដាក់​យានអវកាស (គ្មាន​មនុស្ស) នៅលើ​ភព​ព្រះចន្ទ បន្ទាប់ពី​អាមេរិក អតីត​សហភាព​សូវៀត (ឆ្នាំ​១៩៦៦) និង​ចិន (ឆ្នាំ​២០១៣)។ ពីមុន​មក អ៊ីស្រាអែល ក៏ធ្លាប់​បាន​បញ្ជូន​ផ្កាយរណប​ជាច្រើន​ទៅកាន់​ទីអវកាស​ផងដែរ ប៉ុន្តែនេះ​គឺជាការ​បញ្ជូន​យានអវកាស​ទៅឆ្ងាយ​បំផុត​​របស់​ប្រទេស​នេះ។

បើតាម​លោក Ido Anteby ការ​ចុះចត​របស់​យាន Beresheet នៅ​លើផ្ទៃដី​ភព​ព្រះចន្ទ នឹង​ធ្វើឡើង​នៅត្រង់​ចន្លោះ​នៃ​ទីតាំង​ចុះចត​របស់ អាប៉ូឡូទី១៥ និង​អាប៉ូឡូទី១៧ របស់​អាមេរិក​កាលពី​មុន។ ទីតាំងនោះ​គឺមាន​ផ្ទៃរាបស្មើ ប៉ុន្តែ​ក៏មាន​រណ្តៅតូចៗ និង​ផ្ទាំងថ្ម​ជាច្រើន​ផងដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;