មន្ទីរ​បរិស្ថាន​ខេត្ត៖ សត្វ​ដែល​ខាំគោ​មួយ​ក្បាល​នៅ​សំឡូត គឺ​ជា​ខ្លាឃ្មុំ

  • 2018-12-19 02:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង បាន​អះអាង​ថា សត្វ​ដែល​បាន​ខាំសត្វ​គោ​មួយក្បាល​របស់​ម្ចាស់​ឈ្មោះ ស៊ុន ភាព នៅភូមិ​ស្ទឹងតូច ឃុំ​កំពុង​ល្ពៅ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង គឺ​ជា​ខ្លាឃ្មុំ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក កត បូរ៉ាន បាន​ឱ្យដឹងថា មាន​វត្តមាន​ខ្លាឃ្មុំ​ជាច្រើន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​បាត់ដំបង។ ការ​លើកឡើង​នេះ ខណៈដែល​សមត្ថកិច្ច បាន​ឃើញ​ដាន​ជើង​នៅលើ​ដី និង​រោម​ខ្លាឃ្មុំ​ធំ​ជាប់នឹង​ស្នាម​របួស ដែលវា​ចេញពី​ព្រៃមកខាំ​សត្វគោ​មួយក្បាល​នោះ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​បន្ថែម​ថា៖ «នេះពិត​ជា​មាន​វត្តមាន​នៃ​សត្វខ្លា​ឃ្មុំ​ពិតប្រាកដ ព្រោះ​ពិនិត្យ​ឃើញ​មាន​រោម និង​ស្នាម​ក្រចក​ជាប់នឹង​របួស​សត្វ​គោ ដោយឡែក​របៀប​វាយប្រហារ​ចំណី​អាហារ​គឺវា​ខាំ​បំពង់​ក​ក្រោម និង​ខ្ទប់​ចម្រុះ»។

ក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ដែល​ស្ថិតនៅក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​ជម្រក​រស់នៅនៃ​ហ្វូង​ខ្លាឃ្មុំ​ព្រៃ ដែល​ខ្លះ​មាន​ទម្ងន់​ចាប់ពី ១៤០​គីឡូក្រាម។ លោក កត បូរ៉ាន អះអាង​ថា បន្ទាប់ពី​មាន​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​បានល្អ​ប្រសើរ​ នៅតាម​តំបន់​ការពារ​ធម្មជាតិ រយៈពេល ១០​ឆ្នាំ​កន្លង​មក​នេះ ជាពិសេស​នៅក្នុង​ខេត្ត​បាត់ដំបង វត្តមាន​សត្វព្រៃ​មាន​ចំនួន​កើនឡើង​ច្រើន។ បើតាម​រយៈ​ការ​អង្កេត​ចាប់បាន​ពីកាមេរ៉ា នៅ​តំបន់​ការពារ​ធម្មជាតិ​នេះ ថនិក​សត្វធំៗ​ជាច្រើន​បាន​បង្ហាញ​ខ្លួន ជាពិសេស​ចំនួន​សត្វខ្លាឃ្មុំ និង​ខ្លារខិន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;