EU គ្រោង​ផ្តល់​ថវិកា​ជិត ១០០លាន​ដុល្លារ សម្រាប់​ជួយ​ដល់​វិស័យ​ជលផល​នៅ​កម្ពុជា

  • 2018-12-19 02:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​អឺរ៉ុប គ្រោងផ្តល់​ថវិកា​ប្រមាណ​ជា ៨៧លានអឺរ៉ូ ស្មើនឹង​ជាង ៩៨​លានដុល្លារ សម្រាប់​អនុវត្ត​កម្មវិធី​គ្រប់គ្រង​ធនធាន​ជលផល និងការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់វេបសាយ​​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក George Edgar ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ការ​គ្រប់គ្រង វិស័យ​ជលផល និង​វារីវប្បកម្ម គឺមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការផ្តល់​អាហារូបត្ថម្ភ និងធានា​ដល់សន្តិសុខ​ស្បៀង​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ក្រៅពី​ដំណាំ​ស្រូវ។

​លោក​បញ្ជាក់​ថា សហភាពអឺរ៉ុប នឹង​ធ្វើការ​ឲ្យ​សកម្ម ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុងការ​គ្រប់គ្រង​លើ​កម្មវិធី​ជលផល និង​វារីវប្បកម្ម ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ជលផល មាន​និរន្តរភាព សម្រាប់​ការ​ហូបចុក​របស់​ប្រជាពលរដ្ឋ។

ជាមួយគ្នា​នេះដែរ លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាប្រធាន​រដ្ឋបាល​ជលផល​ បាន​ថ្លែង​ថា ការ​គាំទ្រ​ថវិកា​របស់​សហភាព​អឺរ៉ុប​នេះ នឹង​ជួយ​លើក​កម្ពស់​កិច្ច​ការពារ​ធនធាន​ជលផល​ក្នុង​ប្រទេស​ឱ្យ​កាន់តែ​ល្អ ធានា​មិនបារម្ភ​ពីការ​ខ្វះខាត​ធនធាន​មច្ឆជាតិ នៅ​កម្ពុជា​ឡើយ។

គូរ​បញ្ជាក់​ថា គិត​ពី​ឆ្នាំ​២០១៣ ដល់​២០១៨ សហភាពអឺរ៉ុប​ បានផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ដល់​ក្រសួង​កសិកម្ម ដែលមាន​ទឹកប្រាក់​សរុប ២៦លាន​អឺរ៉ូ (ជិត ៣០លានដុល្លារ) ដើម្បី​អនុវត្ត​គម្រោង​ជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព តាមរយៈ​ការ​អភិវឌ្ឍ​អនុវិស័យ​ជលផល និង​អនុវិស័យ​ផលិតកម្ម​សត្វ៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;