អាកាសធាតុ​នៅ​កម្ពុជា នឹង​ចាប់ផ្តើម​ចុះត្រជាក់​ខ្លាំង ចាប់ពី​ក្រោយ​ថ្ងៃទី​២៥ធ្នូ

  • 2018-12-19 03:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាកាសធាតុ​ជា​ទូទៅ​នៅ​កម្ពុជា នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់​ខ្លាំង​នៅក្រោយ​ថ្ងៃទី​២៥​ខែធ្នូ ​ហើយ​អូស​បន្លាយ​រហូតដល់​ចុងខែ​មករា ​ឬ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៩ ទើប​ចាប់ផ្តើម​ងើបឡើង​មកវិញ។

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ថា ពី​ពេលនេះ​ទៅដល់​ត្រឹម​ថ្ងៃទី​២៥​ខែធ្នូ ស្ថានភាព​អាកាសធាតុ​ជាទូទៅ​នៅ​តំបន់​ទំនាប​កណ្តាល​មិនទាន់មាន​អ្វី​ប្រែប្រួល​ទេ តែ​តំបន់​ខ្ពង់រាប​ដូចជា​ខេត្ត​មណ្ឌល​គី​រី រតនគីរី សីតុណ្ហភាព​បានចាប់ផ្តើម​ចុះត្រជាក់​ហើយ​។​

​លោក​បន្តថា ចាប់ពី​ក្រោយ​ថ្ងៃទី​២៥​ខែធ្នូ​ សីតុណ្ហភាព​ជាទូទៅ​ចាប់​ចុះ​ហើយ និង​ត្រជាក់​ខ្លាំង​ជាង​បណ្តា​ឆ្នាំមុនៗ​​។ ស្ថានភាព​អាកាសធាតុ​ត្រជាក់ ដែលមាន​ការប្រែប្រួល​ខ្លះ​នេះ អូសបន្លាយ​ពេល​រហូត​ដល់​ចុងខែ​មករា​ឬ​ដើមខែ​កុម្ភៈ គឺ​ការចុះ​ត្រជាក់​នេះ មាន​រយៈពេល​វែង​ជាង​ឆ្នាំមុនៗ។

​មន្រ្តី​នាំពាក្យ​ខាងលើ បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា ស្ថានភាព​ភ្លៀង​រដូវវស្សា​លែងមាន​ហើយ​សម្រាប់​ឆ្នាំនេះ ដោយ​ទឹកភ្លៀង​មាននៅ​សេសសល់​តិចតួច នៅតែ​ប៉ែក​ខាងត្បូង​ប្រទេស​ប៉ុណ្ណោះ​។ ចំណែក​នៅ​រដូវប្រាំង​ដែល​មុននេះ​ មាន​ការ​ព្យាករ​ឃើញថា ​រាំងស្ងួត​ខ្លាំង​នោះ អាច​មាន​ការ​ប្រែប្រួល​ម​ក​ជា​ល្អ​វិញ​ខ្លះ​ផងដែរ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;