ឯកអគ្គរដ្ឋទូត​អាមេរិក៖ ទំនាក់ទំនង​ល្អ​រវាង​ហ្វីលីពីន និង​ចិន មិនមែន​ជា​ការ​ព្រួយបារម្ភ​នោះ​ទេ

  • 2018-12-19 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុង​វ៉ាស៊ីនតោន​មិន​ចាត់ទុក​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង គឺ​ជា​ការ​ព្រួយបារម្ភ​នោះ​ទេ។ នេះជាការ​លើកឡើង​របស់​លោក Sung Kim ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន។

លោក Sung Kim ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន ជួប​ពិភាក្សា​ជាមួយ​លោក Rodrigo Duterte ប្រធានាធីបតី​ហ្វីលីពីន/ រូបភាព៖ ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន
ជាងនេះទៅទៀត ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ​បាន​និយាយ​ថា លោក​អរគុណ​ដល់​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់ ដែល​ចង់​មាន​ទំនាក់ទំនង​ប្រកប​ដោយ​ផ្លែផ្កា និង​ការ​ស្ថាបនា​ជាមួយ​ប្រទេស​ចិន។

“ជាការពិត ប្រទេស​ហ្វីលីពីន​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ហើយ​វាមិនគួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ហើយ​វាក៏​មិនមែន​ជា​បុព្វហេតុ​នៃ​ការព្រួយបារម្ភ​ផង​ដែរ"។ នេះជាការ​បញ្ជាក់​របស់​លោក Sung Kim ប្រាប់​សារព័ត៌មាន CNN ប្រចាំ​ប្រទេស​ហ្វីលីពីន។

លោក Sung បញ្ជាក់​ទៀត​ថា លោក​មិន​ភ្ញាក់ផ្អើលទេ ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ដាក់ចេញ​គោលនយោបាយ​ផ្អែក​លើ​ប្រយោជន៍​ផ្ទាល់​របស់​ហ្វីលីពីន និង​គោលនយោបាយ​ការបរទេស​ដោយ​ឯករាជ្យ។

លោក​បន្ត​ថា លោក​បាន​ផ្ដោត​លើ​ការ​រក្សា​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ឲ្យ​រឹងមាំ រវាង​ហ្វីលីពីន និង​អាមេរិក ខណៈ​ដែល​អតីត​សម្ព័ន្ធមិត្ត​ស្វែងរក​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ប្រទេស​ផ្សេង​ទៀត៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;