នាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​សារព័ត៌មាន ជៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តែមួយជ្រុង ឬមិន​ពិត

  • 2018-12-21 02:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា យកចិត្តទុក​ដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន គោរព​ច្បាប់​រដ្ឋ និង​ជៀសវាង​នូវការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ឬ​ព័ត៌មាន​តែមួយ​ជ្រុង ឬ​ដោយសារ​តែ​គំនុំ ដោយ​ពុំ​គិត​អំពី​ក្បួនខ្នាត​ក្រឹត្យក្រម​នៃ​សារព័ត៌មាន។ ការអំពាវនាវ​នេះ ធ្វើឡើង​តាមរយៈ​សារលិខិត​ផ្ញើជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា​ស្តីពី "ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ" នា​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៨។

សារលិខិត​នេះ​បាន​លើកឡើង​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បំប៉ោង​សភាព​ការណ៍ ញុះញង់​ឲ្យមាន​ជម្លោះ​ផ្ទៃក្នុង គឺ​រុញច្រាន​ប្រទេស​ឲ្យធ្លាក់​ក្នុង​ភាពវឹកវរ អសន្តិសុខ ឬ​បង្ក​ឲ្យមាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិតខាង ធ្វើឲ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ ដែលជា​អំពើ​ខុសច្បាប់​មិនអត់​អោនឲ្យជា​ដាច់ខាត។

សម្តេច ហ៊ុន សែន ថ្លែង​នាពេលកន្លងមក
សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​បាននឹង​កំពុង​ប្រឈម​យ៉ាង​ក្តៅគគុក ទៅនឹង​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​បំពុល​បរិយាកាស​សង្គម ដែល​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង និងពួក​ឱកាស​និយម​ក្នុង​គោលដៅ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា ស្របច្បាប់​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌។

សម្តេច​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា ត្រូវការ​សារ​ព័ត៌មាន​ដែលមាន​ថាមពល​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និងមាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ គឺ​ទាមទារ​ឲ្យ​អ្នក​សារព័ត៌មាន​ស្តាប់គ្រប់​សំឡេង ហ៊ាន​និយាយ​ការពិត ហ៊ាន​និយាយ​រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ហ៊ាន​ទទួល​យក​ការពិត ដើម្បី​ឲ្យ​ព័ត៌មាន​របស់ខ្លួន​ក្លាយជា​ព័ត៌មានពិត ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​គ្រប់​តថភាព​សង្គម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;