ភ្នំពេញក្រោន ទាមទារ ២ចំណុច ករណី​កីឡាករ​ទាំង ៥នាក់​

  • 2018-12-21 02:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ភ្នំពេញក្រោន ចង់បាន២ចំណុច គឺទី១ ទាមទារឱ្យមានការទូទាត់សំណងថ្លៃអភិវឌ្ឍន៍លើយុវជនទាំង ៥ និងទី២ ដំណោះស្រាយគឺត្រូវឈរលើច្បាប់របស់ FIFA ដូចដែលលោកអគ្គលេខាធិការសហព័ន្ធ (លោក កែវ សារ៉េត) ធ្លាប់លើកឡើងកាលពីពេលថ្មីៗនេះ"។ នេះ​ជា​ការ​លើកឡើង​របស់​លោកឧកញ៉ា ឬទ្ធី សំណាង ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន ពី​បញ្ហា​កីឡាករ​យុវជនទាំង៥រូប​របស់ខ្លួន ដែល​ត្រូវ​បាន​ក្លឹប​បាល់ទាត់​វិសាខា បង្ហាញមុខ​កាលពីពេលថ្មីៗកន្លងទៅ។

លោកឧកញ៉ា ឫទ្ធី សំណាង និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (រូបភាព៖ ភ្នំពេញក្រោន)
នៅក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាលពី​រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ លោកឫទ្ធី សំណាង បាន​បញ្ជាក់ថា ភ្នំពេញក្រោន នៅតែ​រក្សា​ជំហ​របស់ខ្លួន ដូច​សេចក្ដី​ថ្លែងការណ៍​ ដែលចេញកាលពីថ្ងៃទី១៧ ខែធ្នូ​ដដែល ***([ចុចអានសេចក្ដីថ្លែងការណ៍ទាំងស្រុង](http://www.ppcfc.com/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%90%E1%9F%92%E1%9E%9B%E1%9F%82%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9F%8D%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%80/?fbclid=IwAR0mJe21v54V3W2Ic9mYx6eOvMT5k_eG_Xak5yKmNn03p-HTBceoQGShal0))*** ។

គួររំលឹកថា ក្លឹបភ្នំពេញក្រោនបានប្រកាសយ៉ាងមុឺងម៉ាត់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែធ្នូ​ថា៖ «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ»។

កីឡាករ​យុវជន​ភ្នំពេញក្រោន ទាំង៥ រូប ដែល​ត្រូវ​បាន​វិសាខា ធ្វើពិធី​បង្ហាញមុខ​ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅ (រូបភាព៖ វិសាខា)

នៅក្នុងសេចក្ដីថ្លែងការណ៍​ដដែល​នោះ ក្លឹប​បាន​បញ្ជាក់ថា ការ​ធ្វើ​បែបនេះ គឺ​ដើម្បីការពារបេសកកម្មអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងជំរុញឱ្យក្លឹបបាល់ទាត់ផ្សេងទៀតអនុវត្តន៍ការបណ្តុះបណ្តាលថ្នាលបន្ថែមទៀត ដើម្បីធានាឱ្យមានការប្រកួតប្រជែងក្នុងលីគឱ្យកាន់តែខ្លាំងក្លា នាពេលអនាគត ព្រមទាំងជាការរួមចំណែកកសាង និងពង្រឹងធនធានកីឡាករកម្ពុជាថែមទៀតផង៕

ចុចអាន៖ ក្លឹប​ភ្នំពេញក្រោន ព្រមាន​បញ្ឈប់ការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល និង​ដកខ្លួន​ចេញពី​លីគ​កម្ពុជា

ប្រភព៖ PPCFC.com

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;