រាជ​រដ្ឋាភិបាល គ្រោង​ពង្រីកបន្ថែម​ផ្លូវជាតិ​លេខ១ ឱ្យបាន​ធំទូលាយ

  • 2018-12-21 04:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា ដើម្បី​ពង្រីក​បន្ថែមផ្លូវជាតិលេខ១ ឱ្យ​បាន​ធំទូលាយ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ការ​កកស្ទះ​ចរាចរណ៍ ជាពិសេស​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ដែល​ឆ្លងកាត់​តាមផ្លូវ​នេះ។ នេះបើតាម​ការថ្លែង​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន នៅ​ក្នុង​ពិធី​សម្ពោធ​មួយ​នៅ​កំពង់ផែស្វយ័តភ្នំពេញ កាលពី​សប្តាហ៍មុន។

បើតាម​ការ​លើកឡើង​របស់​លោក​ ស៊ុន ចាន់ថុល នាពេល​កន្លង​មក ឱ្យដឹងថា ផ្លូវ​ជាតិ​លេខ១ គឺ​ជា​ផ្នែក១​ នៃផ្លូវ​អាស៊ាន​ហាយវ៉េ AH1 រត់កាត់​តំបន់​ទំនាបនៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) បាងកក-ភ្នំពេញ-វង់តាវ ដែល​នឹងផ្តល់​សារៈ​សំខាន់​យ៉ាង​ខ្លាំង ក្នុងការ​បម្រើ​ឲ្យ​កិច្ចសហ​ប្រតិបត្តិការ​ ការ​ប្រកួត​ប្រជែង ការ​រួមគ្នា​រស់នៅ​ជា​សហគមន៍ ការ​តភ្ជាប់ ការ​ធ្វើ​សមាហរណកម្ម​តំបន់ និង​សកល​ភាវូប​នីយកម្ម ពិសេស​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ការ​ផ្គត់ផ្គង់​ភស្តុភារ លំហូរ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាតិ-អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​នានា​របស់​កម្ពុជា។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
កាលពី​ថ្ងៃទី១៣ធ្នូកន្លងទៅ​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចុះ​ហត្ថលេខា​ផ្តល់​ប្រាក់​កម្ចី​សម្បទាន​ប្រមាណ ៧០លាន​ដុល្លារ សម្រាប់​កែ​លម្អ និង​លើក​កម្ពស់​កំណាត់​ផ្លូវជាតិលេខ១ និង​ផ្លូវ​ជាតិលេខ៦។ ក្នុង​នោះ​ផ្លូវ​ជាតិលេខ១ ចន្លោះ​ពី​អ្នក​លឿង​ទៅ​បាវិត​(​គីឡូម៉ែត្រ​លេខ​៦៣+៣០០ ដល់​គីឡូម៉ែត្រ​លេខ ១៥៩+០០០) នឹង​ត្រូវ​លើក​កម្រិត​ពី​កម្រាល​កៅស៊ូ DBST នា​ពេលប្ចុប្បន្ន​ ទៅ​ជា​កម្រាល​កៅស៊ូ AC។

ចំណែក​កាលពីខែ​មីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​កំណាត់ផ្លូវជាតិលេខ១ ពី​ច្បារអំពៅ-ក្តីតាកុយ ប្រវែង​៤គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា​ជាង ២៣លាន​ដុល្លារ ក្នុងនោះ​ថវិកា​ប្រមាណ​ជា ១៦លាន​ដុល្លារ ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋា​ភិបាល​ជប៉ុន និង​ថវិកា ៧,៨៧លាន​ដុល្លារ ជា​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​គោល​នយោបាយ និង​ផល​ប៉ះពាល់។ កំណាត់ផ្លូវ​ដែល​មាន​មាន​ទទឹង​ចាប់ពី ២៥ម៉ែត្រ​រហូតដល់ ៣៩ម៉ែត្រនេះ គឺ​ជា​ដំណាក់​កាល​ចុងក្រោយ​នៃ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ១ ពី​ភ្នំពេញ-អ្នកលឿង ដែលមាន​ប្រវែង​សរុប​ជិត ៥៦​គីឡូម៉ែត្រ៕

ចុចអាន៖ ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ-បាវិត នឹង​ត្រូវ​ចំណាយ​សាងសង់​ច្រើនជាង​ផ្លូវ ភ្នំពេញ-ព្រះសីហនុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;