កម្ពុជា​ សម្លឹង​ការនាំចេញ​សម្លៀក​បំពាក់​សម្រាប់​រដូវ​រងា ទៅ​រុស្ស៊ី

  • 2018-12-25 02:18:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដី​ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា ក្រៅពី​ទីផ្សារ​នៃ​ការ​នាំចេញ​សម្លៀក​បំពាក់​ទៅ​កាន់​សហភាព​អឺរុប និង​សហរដ្ឋអាមេរិក​នោះ កម្ពុជា​កំពុងតែ​ចាប់ដៃគូ​ជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ផ្ដោត​សំខាន់​ទៅលើ​សម្លៀក​បំពាក់​សម្រាប់​រដូវរងារ​ អាវ​រោមសត្វ ឬ​អាវធំ ដែលជា​សក្ដានុពល ក្នុង​ការ​ពង្រីក​ទីផ្សារ​ធំ​ក្នុងការ​នាំចេញ​របស់​កម្ពុជា។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្តន៍​ការ​ងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ កាលពី​ព្រឹកថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០១៨ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជ​កម្ម។

លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ដៃគូ​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប-អាស៊ី ក្នុងនោះ​គឺផ្ដោត​ជាមួយ​ប្រទេស​រុស្ស៊ី។ បន្ទាប់ពី​ចរចា​រួចរាល់​ហើយ កម្ពុជា​នឹង​បើក​ទីផ្សារ​សម្លៀកបំពាក់​សម្រាប់​រដូវ​រងារ​ទៅកាន់​ប្រទេស​រុស្ស៊ី ដែលជា​សក្ដានុពល​ ក៏ដូចជា​កាលានុវត្ដ​ភាព​របស់​កម្ពុជា​ផងដែរ។

លោក ប៉ាន សូរស័ក្តិ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយ​ពិធីបើកសន្និបាតសរុបការងារ កាលពីថ្ងៃទី២៤ធ្នូ ២០១៨។ រូបថត៖ AKP
​លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា កម្ពុជា​គឺ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ ដូច្នេះ​បន្ទាប់ពី​ទីផ្សារ​រុស្ស៊ី កម្ពុជា​ក៏​មាន​ឱកាស​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​ប្រទេស​ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្រ្ដាលី និង​ប្រទេស​ណូវែលសេឡង់។

លោក ប៉ាន សូរស័ក្តិ រំពឹង​ថា ក្នុងឆ្នាំ​២០១៩​ខាងមុខ កម្ពុជា​នឹងមាន​ភាព​ប្រកួតប្រជែង និង​ធ្វើការ​នាំចេញ​នូវ​ផលិតផល​បានច្រើន ជាពិសេស​ការ​នាំចេញ​សម្លៀក​បំពាក់​សម្រាប់​រដូវ​រងារ ដែល​រហូត​មកដល់​ពេលនេះ កម្ពុជា​កំពុង​ចរចា​បន្ដ​ខិតខំ​ជំរុញ​តាម​នីតិវិធី និង​យន្ដការ​នៃ​ការ​សម្រប​សម្រួល​ទៅតាម​ប្រទេស​នីមួយៗ។

យោងតាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹង​ថា ការ​នាំចេញ​របស់​កម្ពុជា មាន​កំណើន​ប្រមាណ ១០​ភាគរយ ក្នុងឆ្នាំ​២០១៨ ដែល​កំណើន​នេះ​ទទួល​បាន​ពីការ​បន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ឧស្សាហ​កម្ម តាម​រយៈការ​ខិតខំ​បើក​ច្រក​ទីផ្សារ នាំចេញ​ទៅកាន់​ជាង ១៤៧​ប្រទេស​ នៅ​ទូទាំង​ពិភពលោក។ ចំពោះ​ការ​នាំចេញ​នេះ មាន​ទំហំ​ប្រមាណ​ជា ៦០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;