កម្ពុជាដាក់ចេញគោលដៅ "២០២៣ ពោរពេញទៅដោយបដិសណ្ឋារកិច្ចល្អ" ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

  • 2018-12-29 09:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពិធីប្រគល់ជ័យលាភីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី១ ឆ្នាំ២០១៨ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្រ្ដី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ថា កម្ពុជាបាន​ដាក់ចេញគោលដៅឆ្នាំ២០២៣ ពោរពេញទៅដោយបដិសណ្ឋារកិច្ចល្អ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ SEA Games ឆ្នាំ២០២៣។

នៅក្នុងពិធី​នោះ លោក ថោង ខុន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជនបន្ដរួមគ្នាអនុវត្តទិសដៅយុទ្ធសាស្ដ្រសំខាន់ ចំនួន ២ គឺទី១ "ភាពស្អាត និងបៃតង (Clean & Green)" និង​ទី២ “បន្ដផ្ដល់បដិសណ្ឋារកិច្ចល្អឱ្យក្លាយជារបៀបវារៈជាតិ”។ ទិសដៅ​យុទ្ធសាស្រ្ដ​សំខាន់​ទាំង២ នេះ គឺ​ធ្វើ​ឡើង​ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការទាក់ទាញទេសចរណ៍ ៧លាននាក់ក្នុងឆ្នាំ២០២០ និង១៥លាននាក់ក្នុងឆ្នាំ២០៣០។

លោក ថោង ខុន ថ្លែង​ក្នុងពិធី​មួយ នាពេលកន្លងមក
ក្នុងឱកាសនោះដែរ លោក​រដ្ឋមន្ដ្រី ក៏បាន​ស្នើឱ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ បង្កើនការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដល់បុគ្គលិកឱ្យកាន់តែទូលំទូលាយទៅតាមកម្មវិធីសិក្សា​បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញ និងស្នើឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងដល់បុគ្គលិកតែម្ដង។

គួររំលឹក​ថា កាលពីឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣៦៣៨ លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ នៅឆ្នាំ២០១៨នេះ កម្ពុជា រំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២ លាននាក់ ក្នុងអត្រាកំណើនប្រមាណ ១១%។ តាមការព្យាករណ៍ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលប្រមាណ ៥ ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយអាចនាំមកនូវចំណូលសរុបប្រមាណ ១០ ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារប្រមាណ ២លាននាក់។

សូមបញ្ជាក់ថា កម្ពុជា នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០២៣ ដែល​ជា​ព្រឹត្តិការណ៍​កីឡា​ធំបំផុត​ប្រចាំ​តំបន់​អាស៊ាន៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;