វៀតណាម បើក​ព្រលាន​យន្តហោះ​ ដែលស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ឯកជន​ ជាលើក​ដំបូង

  • 2018-12-31 02:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​បើក​សម្ពោធ​ជាផ្លូវការ​ព្រលាន​យន្តហោះ​អន្តរជាតិ Van Don, ស្ថានីយ​អ្នកដំណើរ Ha Long និង​ផ្លូវល្បឿនលឿន Ha Long-Van Don ដែល​ស្ថិត​នៅ​ក្នុងខេត្ត​ Quang Ninh កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោមអធិបតីភាព​របស់​នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួន​ហ៊្វុក។

ហេដ្ឋារចនា​សម្ព័ន្ធ​ខាងលើនេះ ត្រូវ​បាន​ចំណាយ​ដើម​ទុន​វិនិយោគ​ប្រមាណ ៨៦០​លានដុល្លារ ដោយ​ក្រុមហ៊ុន​ឯកជន Sun Group។ ក្នុងនោះ​ព្រលាន​យន្តហោះ Van Don ដែល​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២០១៥ លើផ្ទៃដី ២៨៨​ហិកតា គឺជា​ព្រលានយន្តហោះ​អន្តរជាតិ​ដំបូង​របស់​វៀតណាម ដែល​ត្រូវបាន​ធ្វើឡើង​ក្រោម​រូបភាព BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ) ក្នុង​តម្លៃ​វិនិយោគ​ជិត ៣២១​លាន​ដុល្លារ។

ព្រលាន​យន្តហោះ​នេះ មាន​សមត្ថភាព​អាច​ទទួល​យន្តហោះ Boeing 787, 777 និង Airbus A350, A320។ វា​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ទទួល​បាន​អ្នកដំណើរ​ពី ២ ទៅ ២,៥លាននាក់​ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ​២០២០ ហើយនឹង​អាចកើនឡើង​ដល់ ៥លាន​នាក់​នៅត្រឹម​ឆ្នាំ​២០៣០។

ព្រលាន​យន្តហោះ Van Don ស្ថិតក្នុង​ផែនការ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ចង់ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​ដល់​ចំនួន ១៣ និង​ព្រលាន​យន្តហោះ​ក្នុងស្រុក ដល់​ចំនួន ១៥ នៅត្រឹម​ឆ្នាំ​២០២៣។ បច្ចុប្បន្ន វៀតណាម មាន​ព្រលាន​យន្តហោះ​ចំនួន ២១ នៅ​ទូទាំង​ប្រទេស។

លោក ង្វៀន សួនហ្វុក បាន​ថ្លែង​ក្នុងពិធី​បើក​សម្ពោធ​នេះ​ថា ព្រលានយន្តហោះ Van Don គឺ​ជាគំរូ​មួយ​សម្រាប់​បង្ហាញ​ពី​ការចូលរួម​របស់​វិស័យ​ឯកជន ជាជាង​ការ​កាន់កាប់​ដោយ​អង្គភាព​រដ្ឋ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស។

បន្ទាប់ពី​ព្រលាន​យន្តហោះ​នេះ វៀតណាម ក៏​គ្រោងនឹង​វិនិយោគ​យ៉ាងហោចណាស់ ៣ពាន់លានដុល្លារ ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ចំនួន៦​ទៀត ក្នុង​រយៈពេល​៥ឆ្នាំក្រោយ។ រដ្ឋាភិបាល​វៀតណាម ក៏គ្រោងពង្រីក​ព្រលាន​យន្តហោះ​ដែល​មាន​ស្រាប់​ផងដែរ៕

ប្រភព៖ Vietnam News | Asia.Nikkei ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;