អត្រា​ស្លាប់ ​ដោយសារ​យន្ត​ហោះ​ដឹក​អ្នកដំណើរ​ កើន​ឡើង​ក្នុង​ឆ្នាំ​២០១៨​

  • 2019-01-02 03:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អត្រា​ស្លាប់​ដោយសារ​ឧបទ្ទវហេតុយន្តហោះដឹកអ្នកដំណើរ​ នៅជុំវិញពិភពលោក បាន​ហក់ឡើង​ក្នុង​ឆ្នាំ​២០១៨។ នេះបើយោងតាម​ក្រុមហ៊ុន​ប្រឹក្សា​របស់ហុល្លង់ To70 និងក្រុមហ៊ុនសុវត្ថិភាពអាកាសចរណ៍ Aviation Safety Network ដែល​រាយការណ៍​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩។

អ្នកជំនាញ ពិនិត្យបំណែកយន្តហោះ ជើងហោះហើរ Lion Air ដែលបានធ្លាក់កាលពីថ្ងៃទី២៩ តុលា ឆ្នាំ​២០១៨
ក្រុមហ៊ុនទាំងពីរ បាន​រាយការណ៍ដូចគ្នាថា យ៉ាងហោចណាស់មនុស្សជាង ៥០០នាក់ បាន​ស្លាប់​ដោយសារឧបទ្ទវហេតុយន្តហោះ ក្នុង​ឆ្នាំ​២០១៨។ យោងតាម To70 បានប៉ាន់ស្មានថា ឧបទ្ទវហេតុយន្តហោះដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ កើតឡើង​១លើក​ ក្នុង​ចំណោម ៣លានជើងហោះហើរ ឬស្មើនឹង​ ០,៣៦ ក្នុង​ចំណោមជើង​ហោះហើរ​​មួយ​លានជើង​។ តួលេខនេះ បានកើនឡើង បើធៀបទៅនឹង​ឆ្នាំ​២០១៧ ដែលមាន ០,២៤ ក្នុង​ចំណោម​ជើងហោះហើរមួយលានជើង។ ក្នុង​ ៥ឆ្នាំចុងក្រោយ មាន ០,២៤ ក្នុងចំណោម​ជើងហោះហើរមួយលានជើង។

ក្នុង​ឆ្នាំ​២០១៧ មនុស្ស ១៣នាក់បានស្លាប់ដោយសារឧបទ្ទវហេតុយន្តហោះ នៅជុំវិញពិភពលោក។

យោងតាម Aviation Safety Network ក្នុង​រយៈពេល ២ទសវត្សរ៍ចុងក្រោយ ចំនួនស្លាប់​នេះ​បាន​ថយចុះ​ នៅទូទាំងពិភពលោក។ ក្នុង​ឆ្នាំ​២០០៥ អ្នកស្លាប់មានចំនួន ១០១៥នាក់។

ឧបទ្ទវហេតុ​យន្តហោះសំខាន់ៗ កាលពីឆ្នាំ​២០១៨ មាន៖

  • ថ្ងៃទី២៩ តុលា៖ ជើងហោះហើរ​ Lion Air ធ្លាក់​នៅឥណ្ឌូណេស៊ី, ស្លាប់ ១៨៩នាក់

  • ខែឧសភា៖ ជើងហោះហើរ Cubana ធ្លាក់នៅប្រទេសគុយប៉ា, ស្លាប់ ១១២នាក់

  • ខែមេសា៖ កញ្ចក់បង្អួចរបស់​ជើងហោះហើរ​ US Airline មួយបានបែកពេលកំពុងហោះហើរ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

  • ខែមីនា៖ ជើងហោះហើរ US-Bangla ធ្លាក់​នៅ​នេប៉ាល់, ស្លាប់​ ៥១នាក់

  • ខែ​កុម្ភៈ៖ ជើងហោះហើរ​ Saratov ធ្លាក់នៅរុស្ស៊ី, ស្លាប់ ៧១នាក់; ជើងហោះហើរ​ Aseman ធ្លាក់នៅអ៊ីរ៉ង់, ស្លាប់ ៦៦នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;