ឆ្នាំ ២០១៨ ​កម្ពុជា​-​វៀតណាម​ រកឃើញ​អដ្ឋិធាតុ​ទាហាន​វៀតណាម​ ជិត​ ៦០០​ធាតុ​

  • 2019-01-03 02:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ឆ្នាំ​២០១៨​ កន្លងទៅ កងទ័ព​កម្ពុជា សហការ​ជាមួយ​ក្រុម​រក​អដ្ឋិធាតុ​វៀតណាម រកឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម ចំនួន​ ៥៩០ធាតុ​បន្ថែមទៀត។ នេះ​បើតាម​ការ​ឲ្យដឹង​របស់​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក។

​លោក​បន្តថា ក្នុងចំណោមធាតុ​ទាំងនោះ ត្រូវបាន​រកឃើញ​ដោយ យោធភូមិ​ភាគ​ពិសេស​ចំនួន​ ៥២​ធាតុ​ យោធភូមិភាគ​ទី​១ ចំនួន​៣៦​ធាតុ​ យោធភូមិភាគ​ទី​២ ចំនួន​ ២០៧​ធាតុ​ យោធភូមិភាគ​ទី​៣ ចំនួន​ ១៣៥​ធាតុ​ យោធភូមិភាគ​ទី​៤ ចំនួន​ ៩២​ធាតុ និង​យោធភូមិ​ភាគ​ទី​៥ ចំនួន​ ៦៨ធាតុ។​

ពិធី​ប្រគល់អដ្ឋិធាតុ​ទាហាន​វៀតណាម ទៅ​ឲ្យ​វៀតណាម​នាពេលកន្លងមក
​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០០០ ស្តី​ពី​ការរុករក​ការប្រមូលផ្តុំ និង​ការធ្វើ​មាតុភូមិ​និវត្ត​អដ្ឋិធាតុ​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​ពលី​នៅ​សម័យ​សង្គ្រាម​នៅ​កម្ពុជា។​

​រយៈពេល​១៧​ឆ្នាំ ពី​ឆ្នាំ​២០០០ - ២០១៧ នៃ​ប្រតិបត្តិការ​នេះ គណៈកម្មការ​ស្តីពី​កិច្ចការ​ពិសេស នៃ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​១៥។

​គិត​មក​ទល់​នឹង​ពេលនេះ ការរុករក និង​ប្រមូលផ្តុំ​អដ្ឋិធាតុ នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ត្រូវបាន​រកឃើញ​ចំនួន​ជាង ១៧ ៨៥០ អដ្ឋិធាតុ ហើយក៏​បាន​ធ្វើ​មាតុភូមិ​និវត្ត​ទៅ​កាន់​ទី​បញ្ចុះ​នៅ​ប្រទេស​វៀតណាម។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ពិសេស​ស្វែងរក​អដ្ឋិធាតុ​បង្ហាញថា បច្ចុប្បន្ន គឺ​នៅសល់​អដ្ឋិធាតុ​របស់​ជ​ន​ជាតិ​វៀតណាម​ជិត​ ៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា ដែល​មិន​ទាន់​ត្រូវបាន​រកឃើញ​នៅ​ឡើយ។ កម្ពុជា​-​វៀតណាម បាន​កំណត់​គោលដៅ​បញ្ចប់​ការស្វែងរក​អដ្ឋិធាតុ​ជនជាតិ​វៀតណាម​ឱ្យ​អស់ នៅ​ត្រឹម​ឆ្នាំ​២០២០៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;