ប្រទេស​អាហ្វ្រិក​មួយ ពឹង​ចិន ដើម្បី​សម្រេច​មហិច្ឆតា​​​របស់​ខ្លួន

  • 2019-01-04 02:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អេត្យូពី បាន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ឧទ្យាន​ឧស្សាហកម្ម​ជា​ច្រើន ​ក្នុង​គោលបំណង​ក្លាយ​ជា​មជ្ឈមណ្ឌល​ដំឡើង​ធំ​បំផុត នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ ដើម្បី​សម្រេច​គោលបំណង​នេះ ប្រទេស​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន​។

អេត្យូពី ដែល​បាន​វិនិយោគ​ប្រហែល ១,៣​ពាន់​លាន​ដុល្លារ​ក្នុង​ការ​សាងសង់​ឧទ្យាន​ឧស្សាហកម្ម​នានា​កន្លងមក​ មាន​គម្រោង​សាងសង់​ឧទ្យាន​ឧស្សាហកម្ម​បន្ថែម​រហូត​ដល់ ៣០ ​កន្លែង គិត​ត្រឹម​ឆ្នាំ​២០២៥​។ បច្ចុប្បន្ន​ ប្រទេស​នេះ មាន​ឧទ្យាន​ឧស្សាហកម្ម ​ចំនួន ៥ ​កន្លែង។

ក្នុង​ចំណោម​ឧទ្យាន​ឧស្សាហកម្ម​ទាំង​ ៥ កន្លែង​នោះ មាន ​ឧទ្យាន​ឧស្សាហកម្ម Hawassa ដែល​សាងសង់​ដោយ​ចិន បាន​រួមចំណែក​ជួយ​ឲ្យ​អេត្យូពី រក​ចំណូល​បាន ៣៨​លាន​ដុល្លារ​អាមេរិក​ ក្នុង​ការ​នាំ​ចេញ នៅ​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឧទ្យាន​ឧស្សាហកម្ម​អេត្យូពី Lelise Neme បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន Xinhua ថា អេត្យូពី គ្រោង​សាងសង់​ឧទ្យាន​ឧស្សាហកម្ម​ចំនួន ៦​បន្ថែម​ទៀត ក្នុង​ឆ្នាំ​នេះ។ គម្រោង​ទាំង​នេះ នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ចំនួន​៤ រួមមាន China Communications Construction Company, China Civil Engineering Construction Corporation និង China Tiesiju Civil Engineering Group និង CGC Overseas Construction Group ។

ត្រឹម​ឆ្នាំ​២០២៥ អេត្យូពី មាន​មហិច្ឆតា​ក្លាយ​ជា​មជ្ឈមណ្ឌល​ដំឡើង​ធុន​ស្រាល ប្រចាំ​ទ្វីប​អាហ្វ្រិក និង​ដាក់​គោលដៅ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;