ជាង​៣ខែ​ចុងក្រោយ រដ្ឋសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ និង​សេចក្តី​ស្នើច្បាប់​ចំនួន​៨

  • 2019-01-04 03:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ហេង សំរិន ប្រធានរដ្ឋ​សភា បាន​ប្រកាស​ថា ក្នុង​រយៈពេល​ជាង ​៣​ខែ​កន្លងមក​នេះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ មក​ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​០១៩​ បាន​អនុម័ត​សេចក្តីព្រាងច្បាប់​​ចំនួន៥ និង​សេចក្តី​ស្នើច្បាប់​ចំនួន៣។ ក្នុងនោះ​សេចក្តី​ព្រាង​ច្បាប់​ចំនួន៥ ​ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​រួមមាន​៖

១-​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩

២-​សេចក្តី​ព្រាងច្បាប់​ស្តីពី ការទូទាត់ ថវិកា​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧

៣-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម លើៈ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

៤-​សេចក្តីព្រាងច្បាប់​ស្តីពី​ការ អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី​បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី

និង​៥-សេចក្តីព្រាងច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច​។​

កិច្ចប្រជុំរដ្ឋសភានាពេលកន្លងមក
​ រដ្ឋសភា​ក៏បាន​អនុម័ត​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​បាន​ចំនួន​៣ ដែល​ស្នើឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី៖

១-​សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ ច្បាប់ ស្តីពី​គណបក្ស នយោបាយ​,

២-​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​និង​

៣-​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។​ ​

ក្រៅពីនេះ រដ្ឋសភា​បានសម្រេច​បាន​នូវ​សមិទ្ធផល​មួយចំនួនទៀត​ដូចជា​៖

១-​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​១២៥​រូប​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។​

២- អនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦​។​

៣- បោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសតាំង​ប្រធាន អនុ​ប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។​

៤- សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ចំនួន​៣៨​រូប​ជំនួស​តំណាងរាស្ត្រ​ដែល​បាន​លាលែង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ ​ ៥-​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នា​នា​នៃ​រដ្ឋសភា​។

​គួរ​ជម្រាប​ថា​ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​នីតិកាល​ទី​៦ ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩​។ ចំពោះ​សម័យប្រជុំ​រដ្ឋសភា​បន្ត នឹងមាន​ជូនដំណឹង​ពេល​ក្រោយ​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;