ប្រធាន​ធនាគារ​ពិភពលោក ប្រកាស​លាលែង​ពី​តំណែង​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល

  • 2019-01-08 04:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ធនាគារ​ពិភពលោក (WB) លោក Jim Yong Kim បាន​ប្រកាស​លាលែង​ពីតំណែង​មុនចប់​អាណត្តិ​កាលពី​ថ្ងៃទី៧ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ទៅ​ចាប់​យក​ការងារថ្មី​នៅ​ក្នុង​វិស័យ​ឯកជន​ដោយ​មិនបាន​រំពឹង​ទុក។ លោក​នឹង​ចុះចេញ​តំណែង​នេះ នៅថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​លោក​ស្រី Kristalina Georgieva ដែល​ជា​នាយក​ប្រតិបត្តិ នឹង​ឡើង​តំណែង​ជា​ប្រធាន​ស្តីទី​នៃ​ធនាគារ​នេះ។

នៅ​ក្នុង​សារ​អ៊ីមែល​មួយ​ដែល​លោក Jim Yong Kim ផ្ញើទៅកាន់​បុគ្គលិក​ធនាគារ បញ្ជាក់​ថា លោក​នឹង​ចូលរួម​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ដោយ​ផ្តោត​លើ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក Jim Yong Kim ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីខែមេសា ឆ្នាំ២០១៧។ រូបថត៖ Reuters
លោក Jim Yong Kim ដែលមាន​វ័យ ៥៩ឆ្នាំ បាន​ចាប់ផ្តើម​ធ្វើជាប្រធាន​ធនាគារ​ពិភពលោក​ក្នុងអាណត្តិទី២របស់លោក​ដែលមាន​រយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី១ ខែកក្កដា​ ឆ្នាំ​២០១៧។ អ្វី​ដែល​គួរឱ្យកត់សម្គាល់នោះ លោកបាន​ជួយ​ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅក្រុងវ៉ាស៊ីងតោននេះ ឈ្នះការគាំទ្រ​ពី​ប្រទេស​ជាសមាជិក កាលពីខែមេសា ក្នុងការ​បង្កើនទុន​ ១៣ពាន់លានដុល្លារ បន្ទាប់ពី​អាមេរិក បាន​ទម្លាក់​នូវការ​ស្នើសុំជាច្រើន ដើម្បី​កំណត់​ធនធាន​របស់​ធនាគារ​នេះ។

យ៉ាង​ណាមិញ បើតាម​ការចុះផ្សាយរបស់ Bloomberg ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបាន​រំពឹងថា នឹង​ជ្រើសរើស​ប្រធានធនាគារពិភពលោក​ថ្មីជាជនជាតិ​អាមេរិក តាម​គោលការណ៍​របស់​លោក​គឺ​ "America First" ជំនួស​លោក Jim Yong Kim ដែលត្រូវបាន​ឧទ្ទេស​នាម​ដោយ​លោក បារ៉ាក់ អូបាម៉ា។

យោងតាម​សារព័ត៌មាន CGTN ឱ្យដឹងថា ក្នុងអំឡុង​ពេល​នៃការកាន់តំណែងរបស់​លោក Jim Yong Kim គឺ​លោក​បាន​ពង្រឹង​ភាព​ជាដៃគូ​ជាមួយ​ប្រទេសចិន លើការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​ផ្លូវមួយ​ខ្សែក្រវាត់​មួយ។

ចំពោះ​កិច្ច​សហការ​បែបនេះ ត្រូវបាន​លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ​២០១៦ បាន​សរសេរ​អត្ថបទមួយ​ដោយ​ចោទសួរ​ធនាគារ​ពិភពលោក​ជុំវិញ​ការ​ឱ្យ​ចិន ខ្ចីលុយដ៏ច្រើន​សន្ធឹកសន្ធាប់ ខណៈដែល​ប្រទេស​នេះ បាន​ដំណើរ​ការ​រួចហើយ​នូវ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;