ជំនួប​កំពូល​ ដូណាល់ ត្រាំ-គីម ជុងអ៊ុន លើកទី២ អាចនឹង​ធ្វើឡើង​នៅ​វៀតណាម

  • 2019-01-08 08:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង អាចនឹង​ជួប​ប្រជុំ​គ្នា​ជាលើក​ទី២ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម បន្ទាប់ពី​លើកទី១ ធ្វើឡើង​នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​កាសែត​កូរ៉េខាងត្បូង Munhwa Ilbo កាលពី​ថ្ងៃទី៦ ខែ​មករា ឆ្នាំ​២០១៩។

ការ​អះអាង​បែបនេះ ខណៈ​ដែល​រយៈពេល​ចុងក្រោយ​ មន្រ្តី​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ត​បន្ទាប់​នៅក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ពិភាក្សា​អំពី​កិច្ច​ប្រជុំកំពូល​រវាង​មេដឹកនាំ​ទាំង២ ជាលើក​ទី២ នាពេល​ខាងមុខនេះ។

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ ក្នុងជំនួបលើកទី១ នៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ​២០១៨

វៀតណាម ដែល​មាន​ទំនាក់​ទំនង​ល្អ​ទាំង​ជាមួយនឹង​អាមេរិក និង​កូរ៉េខាងជើង ធ្លាប់​បាន​បង្ហាញ​ពី​បំណងនៃការ​ធ្វើ​ជាម្ចាស់ផ្ទះ​នៃ​ជំនួប​កំពូល​លើកទី២​នេះ កាលពីខែ​ធ្នូ​កន្លងទៅ។ លើសពី​នេះ ប្រទេស​ទាំង២ សុទ្ធតែមាន​ស្ថានទូត​នៅក្នុង​ប្រទេស​វៀតណាម។

លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ក្តី​រំពឹង​នាពេល​ថ្មីៗនេះ​ថា ជំនួប​កំពូល​លើកទី២ រវាង​លោក និង​លោក គីម ជុងអ៊ុន នឹង​ធ្វើឡើង​នៅ​អំឡុង​ខែមករា ឬខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ទីតាំង​មួយ ក្នុង​ចំណោម៣​ទីតាំង​ដែលត្រូវ​ជ្រើសរើស ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឈ្មោះ​ទីតាំង​នោះឡើយ។

គួរ​កត់សម្គាល់​ថា កាលពី​ពេលថ្មីៗ​នេះ លោក Mark Lambert មន្រ្តី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។ នេះបើតាម Yonhap ដកស្រង់​ចេញពី​ប្រភព​មួយ​នៅក្រុង​វ៉ាស៊ីងតោន។ ប៉ុន្តែ​គេមិន​ទាន់ដឹងច្បាស់​ទេថា ដំណើរ​ទស្សនកិច្ច​នេះ មានជាប់​ទាក់ទង​នឹង​កិច្ច​ប្រជុំកំពូល​លើក​ទី២ រវាង​មេដឹកនាំ​អាមេរិក-កូរ៉េខាងជើង ឬយ៉ាងណា​នោះទេ៕


ប្រភព៖ Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី