Asian Cup៖ វៀតណាម ចុកឈាម​ចុងម៉ោង ដោយសារអ៊ីរ៉ាក់

  • 2019-01-09 01:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម បានប្រកួត​ចាញ់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​អ៊ីរ៉ាក់ ដោយលទ្ធផល ៣-២ នៅក្នុងប្រកួត​ដំបូង​ពូល D នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup ឆ្នាំ​២០១៩ កាលពីយប់មិញ​នេះ នៅ​អារ៉ាប់រួម​ (UAE)។

វៀតណាម ដែល​ជា​ក្រុម​ជើងឯក​តំបន់​អាស៊ាន បាន​នាំមុខ​ក្រុមខ្លាំង​អ៊ីរ៉ាក់ នៅ​នាទី ២៤ ដោយការ​ធ្វើ​ឲ្យ​ចូលទី​ខ្លួនឯងរបស់​កីឡាករ​អ៊ីរ៉ាក់ Ali Faez Atiyah មុនពេលអ៊ីរ៉ាក់​តាម​ស្មើ​វិញ​នៅនាទី ៣៥ ដោយ​កីឡាករ Muhanad Ali។ យ៉ាងណាក្ដី សល់ ៣នាទី​ចប់តង់​ទី១ វៀតណាម បាននាំមុខ​ជាថ្មី ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង Nguyễn Công Phượng។

ចូល​តង់ទី២ អ៊ីរ៉ាក់ បាន​ព្យាយាម​វាយ​បក​យ៉ាងខ្លាំង រហូតតាមស្មើ​នៅ​នាទី ៦០ ដោយ​កីឡាករ Humam Tariq។ ឈាន​ដល់​នាទី​ចុងក្រោយ អ៊ីរ៉ាក់ បាន​ឆក់​យក​ ៣ពិន្ទុ​ពេញ​ពី​វៀតណាម ដោយ​ការ​ស៊ុត​របស់ Ali Adna។

លទ្ធផល​នេះ ជួយ​ឲ្យ​អ៊ីរ៉ាក់ មាន ៣ពិន្ទុ​ស្មើ​អ៊ីរ៉ង់ ខណៈ​វៀតណាម និង យ៉េមែន គ្មាន​ពិន្ទុ​ដូចគ្នា។ ប្រកួត​បន្ទាប់​ក្នុង​ពូល​ D នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ ខែមករា ដោយ​វៀតណាម ត្រូវជួប​អ៊ីរ៉ង់ រីឯ​អ៊ីរ៉ាក់ ជួប យ៉េមែន៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;