ក្រុមហ៊ុន​ថៃ គ្រោង​បង្កើត​ចម្ការ និង​ដាំ​ដំឡូងមី​ លើ​ផ្ទៃដី​៤ពាន់​ហិកតា នៅ​កម្ពុជា

  • 2019-01-09 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ដែលមាន​ប្រភព​មកពី​ប្រទេស​ថៃ មាន​គម្រោង​បង្កើត​ចម្ការ និង​ដាំ​ដំឡូងមី​នៅលើ​ផ្ទៃដី​ចំនួន ៤ពាន់​ហិកតា នៅស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ធានា​នូវនិរន្តភាព​នៃ​ការ​ផ្គត់ផ្គង់។ នេះបើតាម​ការ​បញ្ជាក់​របស់លោក Ho Ren Hua ដែល​ជានាយក​ក្រុមហ៊ុន​នេះ ក្នុងជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

លោក Ho Ren Hua ក្នុងជំនួប​ជាមួយលោក វេង សាខុន កាលពីថ្ងៃទី៨ មករា ២០១៩។ រូបថត៖ ក្រសួងកសិកម្ម
លោក​នាយក​ក្រុមហ៊ុន លើកឡើង​ថា ក្រុមហ៊ុន​លោក បាន​ទទួល​គោលការណ៍​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូងមី ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តាំងពី​ចុងឆ្នាំ​២០១៧ មក​ម៉្លេះ។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បញ្ចប់​ការ​សាងសង់​រោងចក្រ និង​ត្រៀម​លក្ខណៈ​ក្នុងការ​ដំណើរការ​កែច្នៃ​ក្នុងពេល​ឆាប់ៗ​ខាងមុខ។

លោក​បន្ត​ថា នៅក្នុងឆ្នាំ​២០២០ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការ​កែច្នៃ​ដំឡូងមី​ពី ៤ម៉ឺន ទៅ ៥ម៉ឺន​តោន និង​បង្កើន​ការកែច្នៃ​រហូតដល់ ២០ម៉ឺន​តោន នៅពេល​អនាគត។

ជាការ​ឆ្លើយតប លោក វេង សាខុន បាន​សម្តែង​នូវ​ក្តី​សាទរ​ចំពោះ​ក្រុមហ៊ុន ដែលបាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​លោក​ក៏​បាន​គាំទ្រ​ដល់ការ​បង្កើត​ចម្ការ និង​ដាំដំឡូងមី​នៅកម្ពុជា​ផងដែរ។

លោក​រដ្ឋមន្រ្តី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ អនុវត្ត​នូវ​ផលិតកម្ម​តាម​កិច្ចសន្យា ដោយ​ធ្វើការ​កំណត់​ទីតាំង​ដាំដុះ​ដែលមាន​សក្តានុពល​សម្រាប់​ដំណាំ​ដំឡូង​មី ទន្ទឹម​នឹង​នេះ បណ្តាខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ខេត្ត​ឧត្តរមានជ័យ ក៏មាន​សក្តានុពល​សម្រាប់​ដំណាំ​នេះ​ផងដែរ។ ជាចុងក្រោយ លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន បន្ត​សហការ​ជាមួយ​មន្រ្តី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សាពី​នីតិវិធី​នានា​ក្នុងការ​គាំទ្រ​ដល់ការ​វិនិយោគ​នេះ ឱ្យ​ទទួលបាន​ជោគជ័យ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;