ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹង​អាច​បើក​ការដ្ឋាន​​សាងសង់​នៅខែ​កុម្ភៈ​ខាងមុខនេះ

  • 2019-01-09 03:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញ​ក្តី​រំពឹង​ថា ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងអាច​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុងខែ​កុម្ភៈ ឬដើមខែ​មីនា ខាងមុខ​នេះ។ លោកថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​សាធារណការ និង​ដឹកជញ្ជូន​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ព្រឹកថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
លោក​បន្ត​ថា គ្រឿងចក្រ​ដែល​មាន​តម្លៃ​ប្រមាណ ១០០លាន​ដុល្លារ នឹងត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា នៅដំណាច់ខែ​មករា​ខាងមុខ​នេះ ឯ​អ្នក​បច្ចេកទេស-វិស្វកម្ម​ចិនប្រហែល​២០០​នាក់ បាន​មកដល់​ហើយ ដើម្បី​ត្រៀម​បើក​ការដ្ឋានផ្លូវ​ល្បឿនលឿន​នេះ។

តែទោះ​ជាយ៉ាងណា លោក​ទេសរដ្ឋមន្រ្តី​បញ្ជាក់​ថា ចំពោះ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​នេះ រដ្ឋាភិបាល​មិនទាន់​បាន​ដោះស្រាយ​ផល​ប៉ះពាល់​បញ្ហា​ដីធ្លី​រួចរាល់​នៅឡើយ ដោយ​ក្រសួង​សាធារណការ កំពុងតែ​រៀបចំ​ជំរុញ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អាច​បើក​ការដ្ឋាន​បាន។

សូម​ជម្រាប​ថា ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

គម្រោង​ផ្លូវ​ល្បឿនលឿន​នេះ ឆ្លងកាត់ ៤​រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង​១១០​ភូមិ។ ផ្លូវ​ល្បៀនលឿន​នេះ ក្រាល​​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយមាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ) សងខាង ជាយផ្លូវ​កៅស៊ូ​២ (២x២,៥ម៉ែត្រ) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រម​ទាំង​មាន​ស្ពាន ៨៩​កន្លែង។

ផ្លូវ​នេះ​មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង។ ផ្លូវនេះ​ក៏មាន​របង​អម​តាម​សងខាង​ផ្លូវនោះ​ដើម្បី​ការពារ​សត្វ​ពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន​ សរុប​ប្រហែល​៥៧,១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​កន្លែង​មនុស្ស និង​សត្វ​ព្រៃ​ឆ្លងកាត់​ចំនូន ៣៥២​កន្លែង​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;