រដ្ឋាភិបាល​សម្រេច​បង្កើត​តំបន់​ការពារ​ទេសភាព «បឹងលំកុដ» លើ​ទំហំ​ផ្ទៃដី​ជាង ១០០​ហិកតា

  • 2019-01-09 06:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​តំបន់​ការពារ​ទេសភាព «បឹងលំកុដ» ដែលមាន​ផ្ទៃដី​ទំហំ ១១០,៩១ហិកតា ស្ថិតក្នុង​ភូមិសាស្រ្ត ឃុំសេដា ស្រុកលំផាត់ ខេត្ត​រតនគិរី។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨ និងត្រូវបានផ្សព្វផ្សាយ​ជាសាធារណៈ​នៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៩។

បឹងលំកុដ
ការ​បង្កើត​តំបន់​ការពារ​ទេសភាព​នេះ ធ្វើឡើង​ក្នុងគោលបំណង​ដូចតទៅ៖

-ធានាការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌។

-ថែរក្សា​ការពារ​លំនឹង​បរិស្ថាន និង​រួម​ចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយ​ធម្មជាតិ។

-ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព។

-លើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុងការ​រួម​ចំណែក​ដល់ការ​គ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុងតំបន់។

-ថែរក្សា​ការពារ វប្បធម៌ ប្រពៃណី ការ​អភិវឌ្ឍ និង​សារៈ​សំខាន់​ផ្នែក​វប្បធម៌ របស់​សហគមន៍​មូលដ្ឋាន។

-បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី ក្នុងតំបន់​ការពារ​ធម្មជាតិ សម្រាប់​ជាផល​ប្រយោជន៍​ដល់​សង្គម​ជាតិ​គ្រប់​ជំនាន់។

បើតាមអនុក្រឹត្យ​ដដែលនេះ បន្ថែមថា ផ្ទៃដី​នៃតំបន់ការពារទេសភាព «បឹងលំកុដ» នេះ មិនរាប់​បញ្ចូល​ដី​កម្មសិទ្ធិ​ឯកជន និង​ដីប្រើប្រាស់​ជាប្រយោជន៍​សាធារណៈ​ឡើយ៕

អត្ថបទទាក់ទង៖ តំបន់ការពារទេសភាពនៅកម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;