ដំណើរ​ផ្សង​ព្រេង​ទៅ​កាន់​ខ្មោច​កប៉ាល់​ទីតានិក ​ត្រូវ​បាន​បើក​សម្រាប់​សាធារណជន​ទូទៅ​

  • 2019-01-09 07:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពី​ឆ្នាំ​២០១៩​នេះ​ត​ទៅ សាធារណជន​ទូទៅ​អាច​ធ្វើដំណើរ​ផ្សងព្រេង​ទៅ​កម្សាន្ត​នៅ​ទីតាំង​ដែល​កប៉ាល់​ទីតានិក បាន​លិច កាល​ពី​ជាង​១សតវត្សរ៍​កន្លងទៅ តាម​រយៈ​ក្រុមហ៊ុន​អាមេរិក OceanGate ដែល​មាន​មគ្គុទ្ទេសក៍ ជំនាញ​ចាំ​នាំ​ភ្ញៀវ​ទេសចរ​។

ខ្មោចកប៉ាល់ទីតានិក
សំបុត្រ​ដំណើរ​ផ្សងព្រេង​សម្រាប់​មនុស្ស​ម្នាក់ មាន​តម្លៃ​ជាង​ ១០​ម៉ឺនដុល្លារ​អាមេរិក (១០៥១២៩) ដោយ​មាន​រយៈ​ពេល ១១ថ្ងៃ។ អ្នកទេសចរ នឹង​ផ្ដើម​ដំណើរ​ផ្សងព្រេង​របស់​ពួកគេ ដោយ​ចាកចេញ​ពី​ក្រុង St.John's ខេត្ត Newfoundland របស់​ប្រទេស​កាណាដា តាមរយៈ​ការ​ជិះ​ឧទ្ធម្ភាគចក្រ។ ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ នឹង​មាន​កប៉ាល់​ចាំ​ទទួល ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​ដែល​ខ្មោច​កប៉ាល់​ទីតានិក ស្ថិត​នៅ​។
អ្នកជំនាញ នឹងនាំអ្នកទេសចរ ទៅកម្សាន្ត​មើល​ខ្មោចកប៉ាល់ទីតានិក

ក្រុមហ៊ុន OceanGate បាន​បញ្ជាក់​ថា ដំណើរ​ផ្សងព្រេង​ជើង​ទី​មួយ នឹង​ចាប់ផ្ដើម​​នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៩ ក្នុង​នោះ កញ្ចប់​ដំណើរ​ផ្សងព្រេង​ចំនួន ៤ ត្រូវ​បាន​កក់​ពេញ​អស់​ហើយ។ យ៉ាងណាមិញ ក្រុមហ៊ុន​បន្ត​ថា អ្នក​ផ្សងព្រេង​ទាំងអស់ ត្រូវ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ ហ៊ាន​ជិះ​ទូក​ធុន​តូច​នៅ​លើ​សមុទ្រ​ដែល​ប្រឈម​នឹង​ស្ថានភាព​លំបាក​ ព្រម​ទាំង​តម្រូវ​ឲ្យ​បង្ហាញ​ចលនា​បម្លាស់ទី​ ភាព​បត់បែន និង​លំនឹង និង​ត្រូវ​ចូលរួម​វគ្គ​បំពាក់បំប៉ន​ជិះ​នាវា​មុជ​ទឹក Helicopter Underwater Egress ​។

គួរ​បញ្ជាក់​ថា កប៉ាល់​ទីតានិក បាន​លិច​បន្ទាប់ពី​បុក​ផ្ទាំង​ទឹកកក កាល​ពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​១៩១២ ដែល​បាន​ឆក់​យក​ជិវិត​មនុស្ស ១៥០៣​នាក់។ កប៉ាល់​បាន​លិច អំឡុង​ដំណើរ​កម្សាន្ត​ ចេញ​ដំណើរ​ពី​ក្រុង Southampton នៃ​ចក្រភពអង់គ្លេស ទៅ​កាន់​ក្រុង​ញ៉ូយ៉ក សហរដ្ឋអាមេរិក​៕

កបាល់ទីតានិក ថតក្នុងឆ្នាំ​១៩១២ (រូបថត៖ Global Look Press)

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;