ជប៉ុន សម្រេច​ចិត្ត​ទិញ​កោះ​មួយ សម្រាប់​ឱ្យ​យោធា​អាមេរិក​ប្រើប្រាស់​

  • 2019-01-09 08:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​សម្រេចចិត្ត​ចំណាយ​ប្រមាណ ១៦ពាន់លានយេន (១៤៧​លានដុល្លារ) ដើម្បី​ទិញ​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ​មួយ​ឈ្មោះ Mageshima ស្ថិតក្នុងខេត្ត Kagoshima ដើម្បី​ឱ្យ​កងទ័ព​អាមេរិក​ប្រើប្រាស់​ធ្វើសមយុទ្ធ និង​សម្រាប់​ការ​ចុះចត​របស់​យន្តហោះ និង​ចំណត​នាវា​ផ្ទុក​យន្តហោះ​ជាដើម​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត​ជប៉ុន Yomiuri នៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៩។

កោះ​ Mageshima ទំហំ​ប្រហែល ៨គីឡូម៉ែត្រ​ការ៉េ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Taston Airport Co., មកពី​ក្រុង​តូក្យូ ត្រូវ​បាន​រំពឹង​ថា នឹង​ប្រគល់​ឱ្យ​យោធាជប៉ុន នៅមុនចុងខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ។ កិច្ចព្រមព្រៀង​បឋម​មួយ​ នឹងត្រូវ​ចុះហត្ថលេខា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

ការផ្លាស់ប្តូរ​មូលដ្ឋាន​ទ័ព​របស់អាមេរិកនេះ គឺដោយសារតែ​ការធ្វើសមយុទ្ធ និងការចុះចតយន្តហោះ​របស់​កងទ័ពអាមេរិក ដូចជានៅខេត្ត Kanagawa និង​ខេត្ត Aomori ជាដើមនោះ បាន​បង្ក​ឱ្យមាន​សំឡេង​រំខាន និង​ពេលខ្លះ​មានការតវ៉ា​ពី​ប្រជាជន​ជប៉ុន នៅ​ក្នុងតំបន់​នោះទៀតផង។

សូម​រំលឹក​ថា កាលពីឆ្នាំ​២០១១ យោធា​អាមេរិក និង​ជប៉ុន បាន​ព្រមព្រៀង​គ្នា​រើទីតាំង​ធ្វើសមយុទ្ធ ទៅកោះ Mageshima ដែល​មាន​ចម្ងាយ​ ៤០០​គីឡូម៉ែត្រ ពី​មូលដ្ឋាន​ទ័ព​អាកាស​អាមេរិក Iwakuni។ មូលដ្ឋាន Iwakuni ស្ថិតនៅ​ប៉ែកអាគ្នេយ៍​នៃកោះ Honshu៕


ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី