កំណាត់​ផ្លូវជាតិលេខ៥ ក្នុងក្រុង​កំពង់ឆ្នាំង នឹងត្រូវ​ផ្អាក​ចរាចរណ៍២ថ្ងៃ

  • 2019-01-10 02:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង នឹង​បញ្ចៀស​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុនតូច និង​ផ្អាក​បណ្តោះ​អាសន្ន​ការ​ធ្វើ​ចរាចរណ៍​រថយន្តធុនធំ នៅ​លើ​កំណាត់​ផ្លូវជាតិលេខ៥ ក្នុង​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃទី១១ និង​ថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៩។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង កាលពីថ្ងៃទី៨​ ខែ​មករា ២០១៩។

ការ​បញ្ចៀស និង​ផ្អាកចរាចរណ៍​នេះ គឺ​ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់ ខណៈ​ដែល​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នឹង​រៀបចំ​ពិធី​បុណ្យ​ខួប​អនុស្សាវរីយ៍​លើកទី៤០ ទិវា​ជ័យជម្នះ ៧មករា ក្នុង​រយៈពេល២ថ្ងៃ​ខាងលើនេះ។

បើតាម​សេចក្តី​ជូន​ដំណឹង​ដដែល​ឱ្យដឹងថា ការ​បញ្ចៀស និង​ការផ្អាក​ចរាចរណ៍​នេះ​នឹង​ធ្វើឡើង​ចាប់ពីម៉ោង​៥ព្រឹក​ទាំង២ថ្ងៃ​ខាងលើ រហូតដល់​ចប់​កម្មវិធី ដោយ​ត្រូវបាន​កំណត់​ដូច​ខាងក្រោម៖

-ចំពោះ​រថយន្ត​ធុនតូច៖ ត្រូវ​បញ្ចៀស​ការធ្វើចរាចរណ៍​ចូល​ក្រុង​កំពង់ឆ្នាំង ដោយ​ត្រូវបើកតាម​ផ្លូវ​បំបែក​សួនឆ្នាំង ក្នុង​ភូមិទួលក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង មក​ដល់​ចំណុច​ច្រមុះ​ជ្រូក មុខហាង​លក់​ម៉ូតូហុងដា ក្នុង​ភូមិឃ្លាំងប្រាក់ សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង។

-ចំពោះ​រថយន្ត​ធុនធំ៖ ត្រូវផ្អាក​ការ​ធ្វើចរាចរណ៍​ចាប់ពី​ភូមិ​ស្រះកែវ ឃុំមេលំ ស្រុក​បរិបូណ៍ ដល់​ភូមិព្រៃខ្មែរ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលា​ប្អៀរ (ភ្នំ​ដើម​ផ្កា)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;