កម្ពុជា ត្រៀមហ្វឹកហ្វឺន​អ្នកជំនាញមុជទឹកថែមទៀត ដើម្បីចុះស្រាវជ្រាវ រុករក និងអភិរក្សនៅបាតសមុទ្រ

  • 2019-01-10 03:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា កម្ពុជាត្រៀមហ្វឹកហ្វឺន​អ្នកជំនាញមុជទឹកបន្ថែមទៀត ដើម្បីចុះសិក្សាស្រាវជ្រាវ និងរុករកនូវតំបន់អភិវឌ្ឍ និងអភិរក្ស នៅក្នុងបាតសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

ការលើកឡើងរបស់ឧត្តមនាវីឯក ទៀ សុខា បានធ្វើឡើងនៅចំពោះមុខ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែទីស្នាក់ការសង្កេតការណ៍កោះរ៉ុង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ាស៊ីនអូប័រ និងពិធីទម្លាក់ជម្រកមច្ឆាជាតិសិប្បនិម្មិត នៅតំបន់កោះរ៉ុង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។

លោកឧត្តមនាវីឯក ទៀ សុខា ថ្លែង​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែទីស្នាក់ការសង្កេតការណ៍កោះរ៉ុង
លោកឧត្តមនាវីឯក ទៀ សុខា បានមានប្រសាសន៍ថា “ការអភិរក្ស និងការអភិវឌ្ឍន៍នៅបាតសមុទ្រ មិនមែនមានតែនៅកម្ពុជាយើងប៉ុណ្ណោះទេ គឺមាននៅលើសកលលោកដែរ ជាពិសេសនៅក្នុងតំបន់អាស៊ី ដែលធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន ដើម្បមកទស្សនានូវជីវៈចម្រុះក្នុងបាតសមុទ្រ។ ហេតុដូច្នេះហើយ យើងបានធ្វើការណែនាំ ផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យមានការយល់ដឹង អំពីសារៈសំខាន់ នៃធនធានធម្មជាតិ និងនាំគ្នាជួយថែរក្សា ការពារជីវៈចម្រុះនៅបាតសមុទ្រ និងត្រៀមហ្វឹកហ្វឺនក្រុមអ្នកជំនាញមុជទឹកថែមទៀត ដើម្បីចុះសិក្សាស្រាវជ្រាវ និងរុករកតំបន់អភិវឌ្ឍន៍ និងអភិរក្ស នៅកន្លែងផ្សេងៗទៀត ក្នុងបាតសមុទ្រកម្ពុជា”។

លោកឧត្តមនាវីឯក បានបញ្ជាក់ថា កិច្ចការងារនេះគឺទាមទារឲ្យមានការសហការគ្នា ជាមួយខាងអាជ្ញាធរខេត្ត ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រីកទីតាំងអភិរក្ស និងថែរក្សាការពារផលប្រយោជន៍ធនធាន​ធម្មជាតិ នៅបាតសមុទ្រឲ្យបានគង់វង្ស និងកាន់តែប្រសើរឡើងថែមទៀត”។

លោកបានបញ្ជាក់បន្ថែមទៀតថា “កន្លងមកក្រុមការងារ បានមុជទឹករុករកស្រាវជ្រាវ និងអភិរក្សនៅបាតសមុទ្រ ក្នុងតំបន់កោះគូស្រូវី (កោះឆ្លាម) កោះតាង កោះរ៉ុង និងកោះរ៉ុងសន្លឹម ក៏ដូចជានៅតាមបណ្តាកោះផ្សេងៗទៀត ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយបានធ្វើអនាម័យក្នុងបាតសមុទ្រ ដាក់ប៉ោល ទម្លាក់ទូកុងតឺន័រ ដាំផ្កាថ្ម និងធ្វើសារ៉ាយសិប្បនិម្មិតជាដើម”។

អ្វីដែលជាការខិតខំប្រឹងប្រែងទាំងអស់នេះ គឺដើម្បីជួយលើស្ទួយកិត្តិយសប្រទេសជាតិ ក្នុងការអភិវឌ្ឍន៍ និងសម្រាប់ធ្វើជាជម្រកដល់​មច្ឆជាតិឲ្យពង-កូន និងអភិរក្សជីវៈចម្រុះ ក្នុងការបង្កើតឧទ្យានជាតិ នៅបាតសមុទ្រក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាថែមទៀត៕

ចុចអាន៖ កម្ពុជាទម្លាក់ដុំថ្មជាច្រើន​តោន ចូល​ក្នុង​បាត​សមុទ្រជាលើកទីបី ដោយសារ​ហេតុផល​ពិសេស​មួយ

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;