ចិន ត្រូវការ​នាវា​ផ្ទុក​យន្តហោះ យ៉ាងហោច​ណាស់ ៣​គ្រឿង

  • 2019-01-10 06:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន ត្រូវការ​នាវា​ផ្ទុក​យន្តហោះ​យ៉ាងហោច​ណាស់ ៣​គ្រឿង​ ដើម្បី​ការពារ​ឆ្នេរសមុទ្រ​ដ៏វែង​របស់​ខ្លួន​ប្រមាណ ១,៨ម៉ឺន​គីឡូម៉ែត្រ និង​ពង្រីក​ផល​ប្រយោជន៍​នៅ​បរទេស។ នេះ​បើតាម​លោក Zhang Junshe ជាអ្នក​ជំនាញ​ម្នាក់​នៅ​វិទ្យាសា្ថន​ស្រាវជ្រាវទ័ព​ជើងទឹក នៃប្រទេស​ចិន ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងកិច្ចប្រជុំ​មួយ​កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៩។

លោក​លើកយ៉ាងដូច្នេះ​ថា៖ «ទាំងអស់នេះ គឺតម្រូវឱ្យ​យើង​បញ្ជូន​កម្លាំង​យោធាមួយ ទៅកាន់តំបន់​សមុទ្រ​ឆ្ងាយៗ ដើម្បី​ការពារ (ផលប្រយោជន៍)។ នៅក្នុងកាលៈទេសៈ​នេះ ខ្ញុំ​គិត​ថាយើង​ត្រូវការ​យ៉ាងហោចណាស់​នាវាផ្ទុកយន្តហោះ​ចំនួន ៣គ្រឿង។ ជាការពិត ដោយ​ផ្អែក​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច យើង​អាច​ពិនិត្យ​មើល​​លើ​ការបន្ថែម​ចំនួន​នេះបាន»។

នាវារបស់ចិនទី១ "Type 001A"​ ដែលផលិតក្នុងស្រុក
បើតាម​អ្នក​ជំនាញ​ដដែល​នេះ ចាប់តាំង​ពី​សង្គ្រាមអាភៀន ក្នុងឆ្នាំ១៨៤០ រហូតមកទល់​នឹង​ការបង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន ក្នុងឆ្នាំ​១៩៤៩ គឺប្រទេសនេះ បាន​រងការ​វាយប្រហារ​ពីកងទ័ពជើងទឹក​របស់​លោកខាងលិច និង​ជប៉ុន ​ចំនួន ៤៧០ដង។

«យើង​នឹង​មិនឈ្លានពាន​ប្រទេស​ណា​មួយ​នោះទេ ប៉ុន្តែជនជាតិ​ចិនមាន​ការភ័យខ្លាច​ថា ប្រទេស​ពួកគេ នឹង​ត្រូវគេឈ្លានពាន​ម្តងទៀត ដូច្នេះនេះ​ជា​មូលហេតុ​ចម្បង ដែល​យើងកំពុង​ពង្រឹង​វិស័យការ​ពារជាតិ​របស់យើង ដើម្បី​ធានាដល់​សន្តិសុខ​របស់​យើង»។ Zhang Junshe លើកឡើង​បន្ថែម។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ចិន​មាន​នាវាផ្ទុកយន្តហោះ​ដែល​កំពុងប្រតិបត្តិការ​តែមួយគ្រឿងគត់ គឺនាវា Liaoning ដែល​ជា​នាវាបន្សល់តាំងពីសម័យ​អតីតសហភាពសូវៀត។ ចិន​ក៏មាន​នាវាផ្ទុកយន្តហោះមួយគ្រឿងទៀតដែរ​ដែល​ផលិត​ក្នុងស្រុក ត្រូវបាន​គេស្គាល់​ថា "Type 001A" ប៉ុន្តែ​កំពុង​ស្ថិតក្នុងដំណាក់កាលសាកល្បង​នៅឡើយ។

បើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Xinhua កាលពី​ខែ​វិច្ឆិកា​កន្លងទៅ ប្រទេស​ចិន បានចាប់ផ្តើម​សាងសង់​នាវាផ្ទុក​យន្តហោះទី៣ ប៉ុន្តែក្រសួងការពារជាតិ​ចិន មិនបាន​បញ្ជាក់​ពីការ​សាងសង់​នេះឡើយ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;