សម្តេច ហ៊ុន សែន អរគុណ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពី​កម្ពុជា ទៅ​កាន់​ពិភពលោក

  • 2019-01-10 08:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ បាន​សម្តែង​ការ​អរគុណ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ ​រួម​ទាំង​បណ្តាញ​ព័ត៌មាន​អនឡាញ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ ​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​កម្ពុជា ទៅកាន់​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ដើម្បី​ប្រទេស​កម្ពុជា កាន់តែ​រីកចម្រើន​លឿន​ទៅមុខ។

ការ​លើកឡើង​ខាងលើ​នេះ ខណៈ​ដែល​សម្តេច ហ៊ុន សែន នឹង​ជួប​​ជាមួយ​អ្នក​កាសែត​ នាថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្នុងកម្មវិធី​បាយ​សាមគ្គី នៅ​កោះពេជ្រ។ សម្តេច​បញ្ជាក់​ថា ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ គឺមិន​អាច​កាត់ផ្តាច់​ពីការ​ចូលរួម​របស់​អ្នក​សារព័ត៌មាន​បានឡើយ។

«យើងបាន​បាត់បង់​ឱកាស​កសាង​ប្រទេស​ជាច្រើនឆ្នាំ​មកហើយ​ដោយសារ​សង្រ្គាម។ ក្រោយពី​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ គឺ​យើងត្រូវការ​ទេសចរ ពាណិជ្ជករ និង​អ្នក​វិនិយោគទុន​បរទេស​ជាច្រើន​មក​វិនិយោគនៅ​កម្ពុជា។ ដូច្នេះ​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺកាន់​តែផ្តល់​នូវទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគគិន​បរទេស»។ នេះ​បើតាម​ការបង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

សូម​រំលឹក​ថា កាលពីខែធ្នូ​កន្លងទៅ សម្តេច​នាយករដ្ឋមន្រ្តី ក៏បាន​លើកឡើង​ក្នុងសារ​លិខិត​មួយ​ដែរថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បំប៉ោង​សភាព​ការណ៍ ញុះញង់​ឲ្យមាន​ជម្លោះ​ផ្ទៃក្នុង គឺ​រុញច្រាន​ប្រទេស​ឲ្យធ្លាក់​ក្នុង​ភាពវឹកវរ អសន្តិសុខ ឬ​បង្ក​ឲ្យមាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិតខាង ធ្វើឲ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ ដែលជា​អំពើ​ខុសច្បាប់​មិនអត់​អោនឲ្យជា​ដាច់ខាត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;