ឡាវ សង​រថក្រោះ​ទៅ​រុស្ស៊ី​វិញ ក្រោយ​ខ្ចីប្រើ​ជាង ៣០​ឆ្នាំ

  • 2019-01-10 09:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថក្រោះ T-34 ចំនួន​៣០គ្រឿង​ដែលឡាវ ខ្ចី​ពីរុស្ស៊ី (អតីត​សហភាព​សូវៀត) កាលពីឆ្នាំ​១៩៨៧​នោះ ត្រូវបាន​បញ្ជូន​ទៅ​ដល់​ក្រុង​វ្ល៉ាឌីវ៉ូស្តុក ប្រទេស​រុស្ស៊ី​វិញ​ហើយ កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

ការ​ប្រគល់​រថក្រោះវិញនេះ គឺ​ជាផ្នែកមួយ​នៃ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​យោធា​រវាង​ក្រុងមូស្គូ និង​វៀងចន្ទន៍ បន្ទាប់ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu បានបំពេញ​ទស្សនកិច្ច​នៅ​ប្រទេសឡាវ កាលពី​ខែមករា ឆ្នាំ​២០១៨។

រថក្រោះ​ប្រយុទ្ធ​នេះ មានកេរ្តិ៍ឈ្មោះ​ល្បីគួរសម កាលពីអំឡុងសង្គ្រាម​លោកលើកទី២​។ បើតាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​រុស្ស៊ី Zvezda បាន​បង្ហាញ​ថា រថក្រោះ​ខាងលើនេះ ត្រូវបាន​ផលិត​ក្នុងឆ្នាំ ១៩៤៤។

លើសពី​នេះ រថក្រោះ T-34 នឹងត្រូវ​ដាក់បង្ហាញ​ក្នុង​ព្យុហយាត្រា​យោធា​អបអរ​ជ័យជម្នះ​សង្គ្រាម​លោក​លើកទី២ ដែល​ធ្វើឡើងនាថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​តាមបណ្តា​ក្រុងមួយ​ចំនួន​ក្នុង​ប្រទេស​រុស្ស៊ី ព្រមទាំង​យកទៅរក្សា​ទុក​ក្នុងសារមន្ទីរ ហើយ​សម្រាប់​យក​ថតជាខ្សែភាពយន្ត​ប្រវត្តិសាស្រ្ត​នៃ​សង្គ្រាម​លោកលើក​ទី២​ផងដែរ។ នេះបើតាម​ការ​លើកឡើង​បន្ថែម​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី៕

ប្រភព៖ TASS ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;