រាជ​រដ្ឋាភិបាល​បដិសេធ​ថា លោកស្រី យីង ឡាក់ មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​លិខិត​ឆ្លងដែន​ខ្មែរទេ

  • 2019-01-11 01:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 55

ចន្លោះមិនឃើញ

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ បាន​ថ្លែងប្រាប់ [ខ្លីៗ] កាលពី​ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៩​ ដោយ​បដិសេធ​ថា លោកស្រី យីង ឡាក់ អតីត​នាយក​រដ្ឋមន្រ្តី​ថៃ មិន​មាន​ឈ្មោះ​នៅ​ក្នុង​គល់បញ្ជី​នៅ​នាយកដ្ឋាន​លិខិត​ឆ្លងដែន​នោះទេ។

លោក ខៀវ សុភ័គ ថ្លែងនាពេលកន្លងមក

បើ​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ច្រាន​​ចោល​​ផងដែរ​នូវ​ព័ត៌មាន​​ដែល​ថា លោកស្រី​ យីងឡាក់ មាន​កាន់​លិខិត​ឆ្លង​ដែន​ផ្លូវការ​របស់​កម្ពុជា​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​​ក្រៅ​ប្រទេស និង​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន។

លោក​បកស្រាយ​ថា ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​រូប​នេះ មិន​មាន​ឈ្មោះ​ក្នុង​គល់​បញ្ជី​នៃ​លិខិត​ឆ្លង​ដែន​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​មហាផ្ទៃ​នោះ​ឡើយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​គេច​ខ្លួន​របស់​លោកស្រី យីងឡាក់ នោះ​ដែរ។ «ប៉ាស្ព័រ​ដែល​ឈ្មោះ​លោកស្រី យីងឡាក់ គឺ​អត់​មាន​នៅ​ក្នុង​គល់​បញ្ជី​ទេ បាន​សេចក្ដី​ថា ក្រសួង​មហាផ្ទៃ​អត់​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​សារព័ត៌មាន​បាន​ចុះ ហើយ​រឿង​តទៅ​ទៀត​មិន​ដឹង​វែកញែក​ មិន​ដឹង​ថា យ៉ាងម៉េច​ទេ ពីព្រោះ​អត់​មាន​នៅ​ក្នុង​គល់​បញ្ជី»។

លោក ផៃ ស៊ីផាន ថ្លែងនាពេលកន្លងមក

ការ​ច្រានចោល​ខាងលើនេះ បន្ទាប់ពី​សារព័ត៌មាន​ចិន South China Morning Post កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៩ បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយដែលមាន​ចំណង​ជើងថា៖ «អតីត​នាយក​រដ្ឋមន្រ្តី លោកស្រី យីង ឡាក់ កាន់​លិខិត​ឆ្លងដែន​កម្ពុជា ហើយអាច​នឹង​ប្រើលិខិតឆ្លងដែន​នេះ សម្រាប់​រត់គេចខ្លួន ​កាលពីឆ្នាំ​២០១៧»។

លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ

ការ​ចុះផ្សាយ​អត្ថបទនេះ គឺដក​ស្រង់​ចេញពី​សម្តី​របស់លោក Chong Ja Ian ដែល​ជាសាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​ការបរទេស នៅ​សាកលវិទ្យាល័យ​ជាតិសិង្ហបុរី។ សាស្ត្រាចារ្យ​រូបនេះ អះអាង​ថា កម្ពុជា​គឺជា​ជម្រើស​ដ៏​ងាយស្រួល សម្រាប់​ការ​ឆ្លងកាត់​ព្រំដែន ដោយគ្រាន់​តែមាន​លិខិត​ឆ្លងដែន​កម្ពុជា នោះ​គឺ​ជា​ការ​ស្រេច។

យោងតាម​មាត្រា៣០ នៃ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សញ្ជាតិ ​ចែងថា ជន​បរទេស​ណា​ដែល​កាន់កាប់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ១០​ឆ្នាំ។ មន្ត្រី​ភ្នាក់ងារ​រាជការ ឬ​ជន​ណា​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន​កម្ពុជា ឱ្យ​ជន​ណាម្នាក់ ដែល​មិនមាន​សញ្ជាតិ​ខ្មែរ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ឆ្នាំ ទៅ១០​ឆ្នាំ​ផងដែរ៕

ចុចអាន៖ ជន​បរទេស​ដែល​កាន់កាប់​អត្តសញ្ញាណបណ្ណ​-លិខិត​ឆ្លងដែន​កម្ពុជា ត្រូវ​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ?


អត្ថបទ៖ សំភី