ចិន នឹង​ដណ្ដើម​តំណែង​មហា​អំណាច​សេដ្ឋកិច្ច​ពី​អាមេរិក នៅ​ឆ្នាំ​ក្រោយ

  • 2019-01-11 02:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 533

ចន្លោះមិនឃើញ

​ធនាគារ Standard Chartered ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា ចិន​អាច​នឹង​ឡើង​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី១​ ជំនួស​សហរដ្ឋ​អាមេរិក យ៉ាង​ឆាប់​បំផុត​នៅ​ក្នុង​ឆ្នាំ​២០២០។ ​ចំណែក​អាមេរិក នឹង​មិន​អាច​វិល​ត្រឡប់​ទៅ​រក​តំណែង​លេខ​១ វិញ​បាន​ឡើយ​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ Business Insider កាលពី​ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៩។

ការ​អះអាង​របស់​ធនាគារ Standard Chartered ពឹងផ្អែក​លើ​សមភាពអំណាច​ទិញ (PPP) អត្រា​ប្ដូរ​ប្រាក់ និង​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។

ការ​សិក្សា​របស់​ធនាគារ​ខាងលើ​បន្ត​ថា ត្រឹម​ឆ្នាំ​២០៣០ ឥណ្ឌា ក៏​នឹង​ឡើង​ជា​មហាអំណាច​សេដ្ឋកិច្ច​បន្ទាប់ពី​ចិន ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​លើ​សហរដ្ឋ​អាមេរិក ដែល​បន្ត​ធ្លាក់ទៅចំណាត់ថ្នាក់លេខ​៣។ ប្រភព​បន្ថែម​ថា GDP ឥណ្ឌា មាន​កំណើន​ ៦% និង​ឈាន​ដល់ ៨% នៅ​ក្នុង​ទសវត្សរ៍​ខាងមុខ​។

ធនាគារ​នេះ​ឲ្យ​ដឹង​ទៀត​ថា ត្រឹម​ឆ្នាំ​២០៣០ GDP អាស៊ី ស្មើនឹង ៣៥% នៃ GDP សកលលោក។ ហើយ ប្រទេស​នៅ​អាស៊ី​ចំនួន ៥ នឹង​ចូល​ក្នុង​បញ្ជី​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​១០ រួមមាន៖ ចិន ឥណ្ឌា ឥណ្ឌូណេស៊ី តួកគី និង​ជប៉ុន៕


ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.