អគ្គស្នងការ បញ្ជាក់​អំពី​ករណី​នាំខ្លួន​មន្ត្រី​ប៉ូលិស​ ៥នាក់​ទៅ​សាកសួរ​រឿងឃាត់​ឡាន​ដឹក​បារី

  • 2019-01-11 02:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់ [ខ្លីៗ] កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៩​ថា ទាក់ទង​នឹង​ករណី​ដែល​​កម្លាំង​តម្រួត​បទ​បញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ​នាំខ្លួន​មន្ត្រី​នគរបាល​ចំនួន​០៥​នាក់​ទៅសួរ​នាំនោះ គឺ​ជា​កម្លាំង​ខាង​ក្រសួង​មហាផ្ទៃ​បាន​ចុះទៅ​ប្រតិបត្តិការ​នៅខណ្ឌ​សែនសុខ (មិនបាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន) ដើម្បី​ចុះ​សួរ​នៅ​រោងចក្រ​ផលិត​បារី​មួយ។

លោកនាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងក្នុងកិច្ចប្រជុំមួយនាពេលកន្លងមក
លោក​ថា៖ «**សុំចូល​រោង​ចក្រ​ដល់ពេល​ខាង​ភាគី​រោងចក្រ​សួរ​នាំ​រក​លិខិត​ស្នាម​អត់មាន ហើយគេ​អត់ឲ្យចូល ដល់​មិនឲ្យ​ចូល បាន​កម្លាំង​នគរបាល​ដែលចុះ​ទៅ នៅចាំ​ខាងក្រៅ នៅពេល​ដែលឡាន​ដឹក​បារី​ចេញពី​រោងចក្រ​ មក​ឃាត់ឡាន**»។

នាយ​ឧត្តមសេនីយ៍ នេត សាវឿន បាន​បញ្ជាក់​ថា៖ «នៅពេល​ដែលយើង​ឆែកទៅ​នាយកដ្ឋាន​សេដ្ឋកិច្ច ក៏​អត់ដឹង ឆែក​ទៅក្រុង​ក៏​មិនដឹង អ៊ីចឹង! បានជា​ឲ្យ​កម្លាំង​តម្រួត​បទបញ្ជា​នៅជិតនឹង​សួរមើល​ថា តើ​កម្លាំង​ខាងណា? ដល់ទៅ​សួរ​នាំ​ ទៅបាន​យើងដឹង​ថា កម្លាំង​ហ្នឹង​ជា​កម្លាំង​នៅខាង​អង្គភាព​ប្រឆាំង​ផលិតផល​ក្លែងក្លាយ អ៊ីចឹង​បានជា​ឲ្យ​បងប្អូន​ត្រឡប់​មកវិញ​មក មិនមាន​ការចាប់​ឃាត់​អីទេ គ្រាន់តែ​សួរ​នាំទេ»។

សូម​រំលឹក​ថា កាលពីព្រឹក​ម្សិលមិញ មន្ត្រី​ប៉ូលិស​ចំនួន០៥នាក់ ដោយក្នុង​នោះ​មាន​ផ្កាយ​ម្នាក់ និងកូនចៅ​ចំនួន ៤នាក់ ដែលជា​កម្លាំង​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ត្រូវបាន​កម្លាំង​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នាំខ្លួន​យកទៅ​សាកសួរ​ទាក់ទង​ករណី​ឃាត់រថយន្ត​ដឹកបារី​ក្លែងក្លាយ​នៅ​ចំណុច​មុខឃ្លាំង​បារី​ដ៏ធំមួយ​ ស្ថិតនៅផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសខ រាជធានី​ភ្នំពេញ។ បន្ទាប់ពី​សាកសួររួច មន្ត្រី​ប៉ូលិស​ទាំង០៥​នាក់ ត្រូវបាន​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​បំពេញ​ការងារ​ជា​ធម្មតាវិញ។

ការ​ចាប់នាំ​ខ្លួន​មន្ត្រី​ប៉ូលិស​ចំនួន០៥នាក់​នេះ ដោយ​តម្រួត​បទបញ្ជា គឺបាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង។ ចំណែក​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បាន​យកវិដេអូ និងរូបភាព​នៃការ​ចាប់​ក្រៀក​ប៉ូលិស​ផ្កាយមួយ​ រុញ​បញ្ចូល​ក្នុង​រថយន្ត យកទៅ​បង្ហោះ​ចែកចាយ និងធ្វើការ​អត្ថាធិប្បាយ​ផ្សេងៗ​គ្នា ដោយមិនដឹង​រឿងពិត និងធ្វើ​ឲ្យមាន​ការភាន់​ច្រឡំ​ពី​សំណាក់​មហាជន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;