កម្ពុជា នឹង​បញ្ជូន​កម្លាំង​មួក​ខៀវ​ ជិត​២០០​នាក់ ទៅ​ប្រទេស​លីបង់

  • 2019-01-11 02:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ​នឹង​បញ្ជូន​កង​វិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ​៦៩៣ ចំនួន ​១៨៤នាក់ នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៩​នេះ ដើម្បី​ចេញ​ទៅ​បំពេញ​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​សាធារណរដ្ឋ​លីបង់ សម្រាប់​ធ្វើការ​ប្តូរ​វេន កម្លាំង​ចាស់​ ក្នុង​បំណង​ស្វែង​រក​សន្តិភាព​ជូន​ប្រទេស​មួយ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩។

កងកម្លាំងមួកខៀវរបស់កម្ពុជា

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កង​កម្លាំង​វិស្វកម្ម កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាលា​បណ្តុះ​បណ្តាល​កង​កម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ លោក​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បញ្ជូន​កង​កម្លាំង​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​៩ ហើយ​ដែល​កម្ពុជា បញ្ជូន​កម្លាំង ទៅ​កាន់​សាធារណរដ្ឋ​លីបង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេស​នេះ។ លោក​បាន​បញ្ជាក់​ថា កម្លាំង​មួក​ខៀវ​កម្ពុជា​ចេញ​ទៅ​បំពេញ​បេសកកម្ម​នេះ គឺ​បញ្ជូន​ទៅ​ ដើម្បី​ប្តូរ​កម្លាំង​ចាស់​ដែល​នឹង​បញ្ចប់​បេសកកម្ម​រយៈ​ពេល​១ឆ្នាំ នៅ​ខែ​មករា ខាងមុខ​នេះ​។

លោក​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បញ្ជូន​កង​កម្លាំង​ចេញ​ទៅ​បំពេញ​បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ

លោក​នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គ នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​លើកឡើង​ថា កង​វិស្វកម្ម​កម្លាំង​មួក​ខៀវ​លេខ ៦៩៣​ ចំនួន ១៨៤នាក់ ដែល​នឹង​ចេញ​ទៅ​ប្រទេស​លីបង់​នេះ ក៏​មាន​អម​ដោយ​កម្លាំង​ដោះ​មីន ផង​ដែរ​ គឺ​ជា​កម្លាំង​ដែល​បាន​ទទួល​វគ្គ​ហ្វឹកហ្វឺន​ជំនាញ ត្រឹមត្រូវ​តាម​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ។ កម្លាំង​​ទាំងនោះ​ មាន​មក​ពី​ស្ថាប័ន​ចំណុះ​ផ្ទាល់​ក្រសួង​ការពារ​ជាតិ កម្លាំង ចំណុះ​មជ្ឈមណ្ឌល​ជាតិ អគ្គ​បញ្ជា​ការដ្ឋាន បញ្ជា​ការដ្ឋាន​ទ័ព​ជើង​ទឹក បញ្ជាការ ដ្ឋាន​កង​ទ័ព អាកាស បញ្ជា​ការដ្ឋាន​ជាតិ​ប្រឆាំង​ភេវរកម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយ​ចំនួន​ទៀត​។

លោក​បាន​បន្ត​ថា កម្លាំង​កំពុង​បំពេញ​បេសកកម្ម អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស លីបង់ គឺ​មាន​ចំនួន ១៨៤​នាក់ ទាំង​កម្លាំង​វិស្វកម្ម និង​កម្លាំង​ដោះ​មីន ដែល​កម្លាំង​ទាំង​នេះ គឺ​កំពុង​ប្រតិបត្តិការ​រាល់​ថ្ងៃ​គឺ​ដោះ​មីន ដើម្បី​សាងសង់​ព្រំដែន​សីមា រវាង​ប្រទេស​អ៊ីស្រាអែល និង​លីបង់។

លោក Hubert Staberhoter តំណាង​អ្នក​សម្របសម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង​ ១៨៤នាក់ ទៅ​កាន់​ប្រទេស​លីបង់ គឺ​កម្ពុជា បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល។

សូម​រំឭក​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​ក្រោម​ឆត្រ​អង្គការ​សហ ប្រជាជាតិ​ចំនួន​ជាង​ ៥៧៨៣​នាក់ ក្នុងនោះ​មាន​ស្រ្តី​ចំនួន​ជាង​ ២៧៧​នាក់ ដើម្បី​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ។ បច្ចុប្បន្ន​ កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត ១០០០​នាក់ ដែល​កំពុង បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លីបង់ និង​ម៉ាលី។ ទន្ទឹម​នេះ កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន ជាងគេ​លំដាប់​ទី២ នៅ​ក្នុង​តំបន់​អាស៊ាន​៕


អត្ថបទ៖ លាភ.

អត្ថបទថ្មី