កម្ពុជា មាន​កម្ម​សិក្សា​ការី​ចេញ​ទៅ​ធ្វើការ​នៅ​ជប៉ុន ចំនួន​ជាង ៩​ពាន់​នាក់

  • 2019-01-11 03:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​កម្ម​សិក្សា​ការី​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន ប្រមាណ​ជាង ៩​ពាន់​នាក់​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង​លោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធាន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​សភា កិច្ចការ​បរទេស និង​ការពារ​ជាតិ​រដ្ឋ​សភា​ ជប៉ុន កាលពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង លោក​ អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ខាងមុខ​ នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​បើក​ជា​បន្តបន្ទាប់​ដើម្បី​បណ្តុះ​បណ្តាល​ និង​ងាយស្រួល​បញ្ជូន​កម្មសិក្សា​ការី​ពី​កម្ពុជា​ទៅ​ជប៉ុន ខណៈ​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​កែប្រែ​ច្បាប់​ថ្មី​។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ខាង​លើ គឺ​ជា​ក្រុមហ៊ុន​ចម្រុះ​ខាងផ្នែក​ឧស្សាហកម្ម និង​ផ្នែក​សេវា។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ ​បាន​គ្រប់គ្រង​បុគ្គលិក​ប្រមាណ ២ម៉ឺន​នាក់​នៅ​ជប៉ុន ដែល​ត្រូវការ​កម្លាំង​បន្ថែម​ទៀត​។ លោក​បន្ត​ថា ដើម្បី​អនុវត្ត​នូវ​គម្រោង​ថ្មី​នេះ​បាន នា​ពេល​ខាងមុខ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា-ជប៉ុន ពិសេស​ក្រសួង​ការងារ​កំពុង​រៀបចំ​ឲ្យ​មាន​ចុះ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​ប្រទេស​ជប៉ុន ដើម្បី​អនុវត្ត​នូវ​ប្រព័ន្ធ​ថ្មី និង​ច្បាប់​ថ្មី​របស់​ភាគី​ជប៉ុន​។

ជប៉ុន បាន​ចាប់ផ្តើម​រៀបចំ​បង្កើត​ ឲ្យ​មាន​គម្រោង​ថ្មី សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​ប្រទេស​ផ្សេងៗ និង​សម្រាប់​អនុវត្ត​នូវ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​ នៅ​ប្រទេស​ជប៉ុន។ ជាមួយ​គ្នា​នេះ ជប៉ុន​បាន​និង​កំពុង​រៀបចំ​ ឲ្យ​មាន​សេចក្តី​ព្រាង​ និង​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​បញ្ជូន​ទាំងអស់ ដែល​បាន​អនុញ្ញាត​ ឲ្យ​បញ្ជូល​ទាំង​កម្ម​សិក្សាការី​បច្ចេកទេស និង​អ្នក​ធ្វើការ​ជំនាញ​បច្ចេកទេស ទៅ​ប្រទេស​ជប៉ុន។

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទីផ្សារ​ការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​ជា​ដៃគូ​ប្រទេស​ជប៉ុន​ដែល​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ទីនោះ​មាន​ចំនួន ១៥ប្រទេស ហើយ​ចំនួន​ដែល​បាន​បញ្ជូន​ទៅ​ពី​លេខ​១ រហូត​ដល់​១៥ កម្ពុជា​ឈរ​លើ​លេខ​រៀង​ទី​៧​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;