កម្ពុជា-វៀតណាម ឯកភាព​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន​ ម៉ឺនជ័យ-តឹន​ណាម

  • 2019-01-11 07:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា និង វៀតណាម បាន​យល់ព្រម​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន​ម៉ឺនជ័យ (ខេត្ត​ព្រៃវែង) តឹន​ណាម (ខេត្ត​តៃនិញ) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម ក្រោយ​កិច្ច​ប្រជុំ​លើក​ទី១០ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-វៀតណាម ក្រោម​អធិបតី​ភាព​សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ជាមួយ​លោក ផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​វៀតណាម នា​ថ្ងៃ​ទី៩-១០​មករា ឆ្នាំ២០១៩ នៅ​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង លោកផាម ប៊ិញមីញ ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​វៀតណាម (រូប៖ ក្រសួង​មហាផ្ទៃ)
សេចក្ដី​ប្រកាស​រួម​នេះ បាន​ឲ្យដឹង​ថា ភាគី​ទាំងពីរ​ កម្ពុជា-វៀតណាម សម្រេច​ឲ្យ​បាន​ឆាប់​នូវ​កិច្ចការ​ត្រៀម​រៀបចំ​នានា​ដើម្បី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ច្រក​ទ្វារ​អន្តរជាតិ​នេះ​ នៅ​ពេល​វេលា​សមស្រប ក៏ដូចជា​ការ​បញ្ចប់​បែបបទ ដំឡើង​កម្រិត​ច្រក​ទ្វារ​តំបន់​ព្រំដែន​បុសមន (ខេត្ត​ស្វាយរៀង)- ភឿកតឺន (ខេត្ត​តៃនិញ) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី។

ក្រៅពី​ការ​ឯកភាព​ដំឡើង​កម្រិត​ច្រក​ទ្វារ​ព្រំដែន​ម៉ឺនជ័យ (ខេត្ត​ព្រៃវែង) តឹន​ណាម (ខេត្ត​តៃនិញ) ទៅ​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ សេចក្ដី​ប្រកាស​រួម​ដដែល​ មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖

  • ភាគី​ទាំងពីរ​ បាន​សង្កត់​ធ្ងន់​អំពី​សារសំខាន់​នៃ​ការ​ថែរក្សា​ទំនាក់ទំនង​ជា​មិត្តភាព និង​សហ​ប្រតិបត្តិការ បណ្តា​ខេត្ត​ព្រំដែន​កម្ពុជា-វៀតណាម ក៏ដូចជា​ពង្រឹង​ពង្រីក​ចំណង​ទំនាក់ទំនង​ក្នុង​លក្ខណៈ​ជា​ភូមិ​ផង​ល្អ ប្រសើរ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឋិតថេរ យូរអង្វែង រវាង​កម្ពុជា និង​វៀតណាម។

  • ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សកិច្ច​ទៅវិញទៅមក​ រវាង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំងពីរ។

  • ភាគី​ទាំងពីរ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្តា​ក្រសួង ស្ថាប័ន​ នៃ​ប្រទេស​ទាំងពីរ ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​កសាង​ក្របខណ្ឌ​ច្បាប់​យ៉ាង​សកម្ម និង​ដំណើរការ​គ្រប់​យន្តការ​សហប្រតិបត្តិការ​នានា សំដៅ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កិច្ច​សហ​ប្រតិបត្តិការ​របស់​ខេត្ត​ជាប់​ព្រំដែន ស្រប​ទៅ​តាម​ទិសដៅ​ដែល​ដាក់​ចេញ នា​កិច្ច​ប្រជុំ​លើក​ទី៩ ស្តីពី​កិច្ច​សហ​ប្រតិបតិ្តការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។

  • ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​អំពី​សារសំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ ការពារ​ជាតិ​ក្នុង​ការ​ថែរក្សា ឲ្យ​បាន​រឹងមាំ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​របស់​ប្រទេស​នីមួយៗ និង​គូស​បញ្ជាក់​សាជាថ្មី​ថា មិន​អនុញ្ញាត​ឲ្យ​មាន​អង្គការ​ចាត់​តាំង ឬ​បុគ្គល​ណា​មួយ ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ម្ខាង ដើម្បី​បង្ក​រាយ​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​របស់​ប្រទេស​ម្ខាង​ទៀត​ឡើយ។

  • ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​ជំរុញ​កសាង​ផ្លូវ និង​ស្ពាន​ឆ្លងកាត់​ព្រំដែន​ផងដែរ។

  • ភាគីទាំងពីរ បាន​ឯកភាព​ដាក់​ចេញ​នូវ​ទិសដៅ​រួមគ្នា សំដៅ​ពង្រឹង និង​បង្កើន​កិច្ច​សហការ​លើ​វិស័យ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

  • ចំពោះ​វិស័យ​សុខាភិបាល ភាគី​ទាំងពីរ​ បាន​វាយតម្លៃ ខ្ពស់​លើ​លទ្ធផល​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង រយៈ​ពេល​កន្លង​មក។

  • ភាគី​ទាំងពីរ​ បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន និង​ឃោសនា។

  • ភាគី​ទាំងពីរ បាន​ឯកភាព​រៀបចំ​កិច្ច​ប្រជុំ​លើក​ទី​១១ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បណ្តា​ខេត្ត ជាប់​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០២០​ខាងមុខ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;