ចិន បំបែក​កំណត់ត្រា ​ដោយ​ទទួល​​ការ​ស្នើ​សុំ​ប៉ាតង់​ច្រើន​បំផុត​ពី​ក្រុមហ៊ុន​បរទេស

  • 2019-01-11 08:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​បរទេស​ បាន​ដាក់​ស្នើ​សុំ​ប័ណ្ណ​ប៉ាតង់ នៅ​ក្នុង​ប្រទេស​ចិន ក្នុង​ចំនួន​​កំណត់ត្រា​មួយ ដែល​មិន​ធ្លាប់​មាន ខណៈ​រដ្ឋាភិបាល​ចិន អះអាង​ថា វា​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​វិនិយោគ​ពី​បរទេស។ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​កម្មសិទ្ធិបញ្ញា​ចិន ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៩​ បាន​ឲ្យដឹង​ថា ការ​ស្នើ​សុំ​ប័ណ្ណ​ប៉ាតង់​នៅ​ចិន​ដោយ​ក្រុមហ៊ុន​បរទេស កាល​ពី​ឆ្នាំ​២០១៨ មាន​ចំនួន​សរុប ១៤៨០០០ សំណើ​ កើន​ឡើង​ ៩,១% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​។

របាយការណ៍​ខាងលើ​បន្ត​ថា ក្រុមហ៊ុន​បរទេស​ បាន​ធ្វើការ​ស្នើ​សុំ​ម៉ាក​សញ្ញា ​ចំនួន ២៤៤០០០ សំណើ​ ក្នុង​ឆ្នាំ​២០១៨ ដែល​កើន​ឡើង ១៦,៥% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧។

លោក Bi Nan នាយក​រដ្ឋបាល​កម្ម​សិទ្ធិ​បញ្ញា​ចិន ទទួល​បន្ទុក​ផ្នែក​ផែនការ និង​អភិវឌ្ឍន៍ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រុង​ប៉េកាំង​ថា តួលេខ​នេះ មាន​ន័យ​ថា ស្ថានភាព​ជំនួញ​នៅ​ប្រទេស​ចិន កំពុង​មាន​ភាព​ល្អ​ប្រសើរ​ឡើង ហើយ​គេ​រំពឹង​ថា កំណើន​នឹង​បន្ត​ក្នុង​រយៈ​ពេល​មធ្យម និង​វែង​។

របាយការណ៍​របស់​រដ្ឋបាល​កម្មសិទ្ធិ​បញ្ញា ត្រូវ​បាន​ចេញ​ផ្សាយ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ជំនួប​ចរចា​រវាង​ភាគី​ចិន និង​អាមេរិក ដែល​មាន​រយៈ​ពេល ៣ថ្ងៃ នៅ​ក្រុង​ប៉េកាំង លើ​ដំណោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​។​

ក្នុង​ឆ្នាំ២០១៨ ការ​ស្នើសុំ​ប័ណ្ណ​ប៉ាតង់​ដោយ​អ្នក​បង្កើត​ថ្មី​ នៅ​ចិន​ដី​គោក មាន​ជាង ១,៥​លាន​សំណើ​ ក្នុងនោះ ប័ណ្ណប៉ាតង់​ចំនួន ៤៣២០០០ ប័ណ្ណ​ ត្រូវ​បាន​ផ្ដល់​ជូន​។

ក្រុមហ៊ុន​បច្ចេកវិទ្យាដ៏​ធំ​របស់ចិន​ Huawei ត្រូវ​បាន​ផ្ដល់​ប័ណ្ណ​ប៉ាតង់​ចំនួន ៣៣០០ ប័ណ្ណ កាល​ពី​ឆ្នាំមុន ដែល​ជា​ចំនួន​ច្រើន​​បំផុត​ បើ​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​ចិន​ដទៃ​ទៀត​។

ដោយឡែក នៅ​សហរដ្ឋអាមេរិក​វិញ អ្នក​បង្កើតថ្មី​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ចិន ទទួល​បាន​ប័ណ្ណ​ប៉ាតង់​ចំនួន ១២៥៨៩ ប័ណ្ណ​ ក្នុង​ឆ្នាំ​២០១៨ កើន​ឡើង ១២% ។ នេះ​បើ​យោង​តាម​ការិយាល័យ​ប៉ាតង់ និង​ម៉ាក​សញ្ញា​អាមេរិក​៕

អត្ថបទទាក់ទង ចិន នឹង​ដណ្ដើម​តំណែង​មហា​អំណាច​សេដ្ឋកិច្ច​ពី​អាមេរិក នៅ​ឆ្នាំ​ក្រោយ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;