មហាធៀ៖ ប្រទេស​មិន​ជោគជ័យ​ទេ បើ​ពលរដ្ឋខ្លះត្រូវ​បាន​មើលរំលង

  • 2019-01-14 09:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ថា ប្រទេស​នេះ​មិន​អាច​ប្រកាស​ថា ខ្លួន​ជា​ប្រទេស​ដ៏​ជោគជ័យ​មួយ​បាន​ឡើយ ប្រសិនបើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​មួយ​ចំនួន ត្រូវ​បាន​មើល​រំលង​។

ថ្លែង​ក្នុង​ពិធី​ជួបជុំ​មន្ត្រី​រាជការ​​ប្រចាំខែ​ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ លោក មហាធៀ បាន​លើក​ឡើង​ថា ទ្រព្យសម្បត្តិ​របស់​ម៉ាឡេស៊ី ត្រូវតែ​ចែក​រំលែក​ទៅ​ដល់​ប្រជាជន​​ម៉ាឡេស៊ី​គ្រប់រូប​ ស្មើ​ៗ​គ្នា ដោយ​មិន​គិត​ពី​ពណ៌​សម្បុរ​ឡើយ។ លោក​បន្ត​ថា ប្រទេស​មួយ​ដែល​មាន​គម្លាត​ឆ្ងាយ​រវាង​អ្នក​មាន និង​អ្នកក្រ នឹង​ប្រឈមមុខ​នឹង​ភាព​ចលាចល​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​អ្នក​មាន​មួយ នឹង​ក្លាយ​ជា​អត់​បាន​ការ ប្រសិនបើ​ទ្រព្យសម្បត្តិ​មិន​ត្រូវ​បាន​ចែក​រំលែក​ ឬ​ផ្ដល់​ទៅ​កាន់​ក្រុម​​មនុស្ស​ណា​មួយ។ ពួក​យើង​ត្រូវតែ​ចែករំលែក​អ្វី​ដែល​យើង​មាន ព្រោះ​ពួក​យើង​មិន​ចង់​ឲ្យ​ប្រទេស​ដទៃ​មើល​ងាយ​ថា ប្រទេស​អ្នក​មាន តែ​មិន​អាច​មើល​ថែ​ក្រុម​ជនជាតិ​ភាគ​តិច​បាន។ នេះ​ជា​ហេតុ​ដែល​ពួក​យើង​ត្រូវ​តែ​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ ដោយ​មិន​រើសអើង​ពណ៌​សម្បុរ​»​។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ថ្លែង​ក្នុង​ពិធី​ជួបជុំ​មន្ត្រី​រាជការ​​ប្រចាំខែ​ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩ (រូបថត៖ Bernama)
សូម​បញ្ជាក់​ថា ប្រទេស​ម៉ាឡេស៊ី មាន​ប្រជាជន​ជនជាតិ​ម៉ាឡេស៊ី​ និង​ជនជាតិ​ភាគតិច​ដែល​គេ​ស្គាល់​ថា Bumiputeras សរុប​ប្រមាណ​ជា ៧០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំង​ប្រទេស​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;