គ.ជ.ប នឹង​ចាត់​វិធានការ​ច្បាប់​លើ​បុគ្គល​៣រូប​ដែលមិន​ព្រម​បង់ប្រាក់​ពិន័យ ក្នុងរឿង «ម្រាម​ដៃ​ស្អាត»

  • 2019-01-16 01:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ចាត់វិធានការ​ច្បាប់​ទៅលើ​អតីត​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​០៣​នាក់ នៅខេត្ត​បាត់ដំបង ដែល​បាន​គេច​វេស​បង់ប្រាក់​ពិន័យ​ពី ៥លាន​រៀល ទៅ១០លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិនឲ្យ​ទៅ​បោះឆ្នោត និងធ្វើឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ នាំឲ្យ​បាត់​ទំនុកចិត្ត​លើការ​បោះឆ្នោត។ នេះបើតាម​ការឱ្យដឹង​ពីលោក សោម សូរីដា អគ្គ​លេខាធិការ​រង គ.ជ.ប។

បុគ្គល​ទាំង០៣​នាក់ រួម​មានៈ ១. លោក ជា ជីវ មាន​ទីលំនៅ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​ពិន័យ​ជាប្រាក់ ១០លាន​រៀល។ ២. លោក ថោង សារឿន មាន​ទីលំនៅ​ភូមិ-ឃុំ គាស់​ក្រឡ ស្រុកគាស់​ក្រឡ ខេត្ត​បាត់ដំបង ដោយ​ពិន័យ​ជាប្រាក់ ៥លាន​រៀល និង​៣. លោក គ្រុយ គឹមសាំង មាន​ទីលំនៅ​ស្រុកកំរៀង ខេត្ត​បាត់ដំបង ដោយ​ពិន័យ​ជាប្រាក់ ៥លាន​រៀល។

លោក សោម សូរីដា បាន​បញ្ជាក់​ថា ក្នុងការ​ប្រមូល​ប្រាក់​ពិន័យ គ.ជ.ប ធ្លាប់បាន​ជូនដំណឹង​ដល់បុគ្គល​ទាំងបីរូប ឲ្យចូល​ខ្លួនបង់​ប្រាក់​ពិន័យ​ដោយ​ស្ម័គ្រចិត្ត ដោយទុក​រយៈពេល​យ៉ាងយូរ​៣០ថ្ងៃ បន្ទាប់ពី​ថ្ងៃ​បាន​ទទួល​លិខិត​បង្គាប់​ឲ្យបង់ប្រាក់​ពិន័យ ប៉ុន្តែ​សាមីខ្លួន​មិនព្រម​បង់ប្រាក់​ពិន័យ​តាមកាល​កំណត់​នោះទេ។

លោក សោម សូរីដា ថ្លែងទៅកាន់អ្នកកាសែតនាពេលកន្លងមក
សូម​រំលឹក​ថា កាលពីថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ គ.ជ.ប បានបើក​សវនការ​ជំនុំជម្រះ​លើ​សំណុំ​រឿងលេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅខេត្ត​បាត់ដំបង ហើយបាន​សម្រេច​ឲ្យ​ឈ្មោះ ថោង សារឿន និង​ឈ្មោះ គ្រុយ គឹមសាំង ត្រូវបាន​ពិន័យ​ក្នុង​ម្នាក់ៗ ៥លាន​រៀល ដោយ​ពុំទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ។ ចំណែក​ឈ្មោះ ជា ជីវ ដែលជា​មេដឹកនាំ ពិន័យ​១០លាន​រៀល។

បុគ្គលទាំង​បីនាក់​នេះ មិនសុខ​ចិត្តចំពោះ​ការសម្រេច​របស់ គ.ជ.ប ក៏បាន​ប្តឹងបន្ត​ទៅក្រុម​ប្រឹក្សាធម្មនុញ្ញ។ ហើយនៅ​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃក្រុម​ប្រឹក្សា​ធម្មនុញ្ញ បានចេញ​សេចក្តី​សម្រេច​បិទផ្លូវតវ៉ា ដោយ​តម្កល់​ការសម្រេច​របស់ គ.ជ.ប ទុកជា​បានការ​ដដែល។

សូម​ជម្រាប​ថា នៅក្នុង​រយៈកាល​នៃយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ក្រុម​បុគ្គល​ខាងលើ​នេះ បាន​ធ្វើការ​បង្ហោះ​រូបភាព និងសារ​មួយចំនួន ដោយលើក​ម្រាមដៃ ក្នុង​ន័យ​បំផុស​បំផុល​មិនឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយគេ​ប្រើពាក្យ​មួយឃ្លា​ថា “យុទ្ធនាការ​ម្រាមដៃ​ស្អាត” មានន័យថា មិនចូលរួម​បោះឆ្នោត។

ក្រោយពី​មាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុង​គោលបំណង​រារាំង​មិនឲ្យ​ប្រជាពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជាពលរដ្ឋខ្មែរ​បែបនេះ ទើប​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យប្តឹង ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;