រដ្ឋមន្រ្តី​សេដ្ឋកិច្ច ស្នើឱ្យ​ស៊ុយអែត ជួយ​រៀបចំ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​បង់ពន្ធ​នៅ​កម្ពុជា

  • 2019-01-16 06:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពន្ធដារ​ស៊ុយអែត ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ពង្រឹង​បន្ថែម​ទៀត​ចំពោះ​កំណែ​ទម្រង់​គោលនយោបាយ​ពន្ធដារ និង​រដ្ឋបាល​ពន្ធដារ​កម្ពុជា តាមរយៈ​ការ​ជួយរៀបចំ និង​បង្ក​លក្ខណៈ​ក្នុងការ​ផ្តល់​សេវា​បង់ពន្ធ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជូន​ដល់​អ្នកបង់ពន្ធ។ សំណើនេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួបរវាង​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោកស្រី Katrin Westling Palm អគ្គនាយក​នៃ​ទីភ្នាក់ងារ​ពន្ធដារ​ស៊ុយអែត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច។

ជំនួបរវាងលោកស្រី Katrin Westling Palm និង​លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី១៥មករា ២០១៩។ រូបថត៖ ក្រសួង​សេដ្ឋកិច្ច
លោក​ឧប​នាយក​រដ្ឋមន្រ្តី លើកឡើង​ថា ការ​ជួយ​រៀបចំ​នេះ នឹង​ជំរុញ​ឱ្យ​មានការ​គោរពកាតព្វកិច្ច​ពន្ធ និង​បង់ពន្ធ​ខ្ពស់ ការ​ប្រមូលពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព ក៏ដូចជា​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​ដែល​ពិបាក​ក្នុងការ​គេច​ពន្ធ តាមរយៈ​បាវ​ចនា "បង្កើត​បរិយាកាស​ល្អ​ជូន​អ្នក​ជាប់ពន្ធ ដើម្បី​ងាយស្រួល​ក្នុងការ​បង់ពន្ធ ប៉ុន្តែ​លំបាក​ក្នុងការ​គេចពន្ធ"។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច។

ក្នុង​ជំនួប​ពិភាក្សា​នេះ លោកស្រី Katrin Westling Palm បាន​លើកឡើងថា គោលបំណង​នៃ​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូលោកស្រី នៅ​កម្ពុជា គឺ​ដើម្បី​ពង្រឹង​បំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា និង​ទីភ្នាក់ងារ​ពន្ធដារ​ស៊ុយអែត ការផ្លាស់ប្តូរ​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធន៍​លើ​វិស័យ​ពន្ធដារ និង​ស្វែងយល់​អំពី​វឌ្ឍនភាព​ការងារ​របស់​កម្មវិធី​កែទម្រង់​ ការ​គ្រប់គ្រងហិរញ្ញវត្ថុ។

បើតាម​សេចក្តី​ប្រកាសព័ត៌មាន​ដដែលនេះ ឱ្យដឹងថា បច្ចុប្បន្ន ទីភ្នាក់ងារ​ពន្ធដារ​ស៊ុយអែត បាន​នឹង​កំពុង​ផ្តល់​ជំនួយ​បច្ចេកទេស​ទាក់ទិន​នឹង៖

១. ហានិភ័យ​ក្នុង​វិស័យ​នៃការ​ទូទាត់​សាច់ប្រាក់

២. សិក្សា​អំពី​សមិទ្ធិលទ្ធភាព នៃការ​ប្រមូលពន្ធ​លើ​ចំណូល​រូបវន្ត​បុគ្គល

៣. ជួយ​ពង្រឹង​ផ្នែកសេវា​អ្នក​ជាប់ពន្ធ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;