ចិន៖ NASA ស្នើ​ឲ្យ​ពួក​យើង​ជួយ ក្នុង​បេសកកម្ម​ទៅ​កាន់​ព្រះចន្ទ

  • 2019-01-16 07:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជាន់​ខ្ពស់​កម្មវិធី​ភព​ព្រះចន្ទ របស់​ចិន បាន​អះអាង​ថា ​អ្នកវិទ្យាសាស្ត្រ​មក​ពី​ទីភ្នាក់ងារ​អវកាស NASA របស់​សហរដ្ឋ​អាមេរិក បាន​ស្នើ​មក​ខាង​ភាគី​ចិន ដើម្បី​សុំ​ប្រើប្រាស់​យាន​អវកាស​ Chang'e 4 ក្នុង​បេសកកម្ម​ឡើង​ទៅ​កាន់​ផ្នែក​ម្ខាង​នៃ​ភព​ព្រះ​ចន្ទ​។

លោក Wu Weiren មន្ត្រី​ជាន់​ខ្ពស់​កម្មវិធី​ភព​ព្រះចន្ទ (រូបថត៖ KY Cheng)
លោក Wu Weiren មន្ត្រី​ជាន់​ខ្ពស់​កម្មវិធី​ភព​ព្រះចន្ទ បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុង​ស្រុក CCTV កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩​ថា អ្នក​វិទ្យាសាស្ត្រ NASA ធ្លាប់​ដាក់​សំណើ​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អន្តរជាតិ​មួយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​។

លោក​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​អាមេរិក បាន​ស្នើ​ឲ្យ​ចិន ពន្យារ​អាយុកាល​របស់​ផ្កាយរណប Queqiao ដើម្បី​អនុញ្ញាត​ឲ្យ​អាមេរិក ដាក់​ឧបករណ៍​របស់​ខ្លួន​ចូល​ក្នុង​យាន​អវកាស Chang'e 4 ។ ធ្វើ​ដូច្នេះ អាច​ជួយ​ឲ្យ​អាមេរិក រៀបចំ​ផែនការ​ដើម្បី​ចុះចត​លើ​ភព​ព្រះចន្ទ​បាន​ដោយ​ខ្លួនឯង។

ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​ចិន​ខាង​លើ បាន​ធ្វើ​ឡើង បន្ទាប់ពី​ចិន​បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​ ក្នុង​ការ​ចុះចត​យាន Chang'e-4 នៅ​លើ​ផ្នែក​ម្ខាង​ទៀត​នៃ​ភព​ព្រះ​ចន្ទ នា​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ​។ យាន​អង្កេត​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​សិក្សា​ពី​ទីតាំង​ភូមិសាស្រ្ត សមាសភាព​រ៉ែ និង​រចនា​សម្ព័ន្ធ​លើ​ផ្ទៃដី​នៅ​តំបន់​ងងឹត​ភព​ព្រះចន្ទ​នោះ​។

យានរបស់ចិន បានទៅដល់ផ្នែកម្ខាងនៃ​ព្រះចន្ទ នាពេលថ្មីៗកន្លងទៅ (រូបថត៖ Xinhua)

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក បាន​ចុះផ្សាយ​ថា សហរដ្ឋអាមេរិក រួម​ជាមួយ​ដៃគូ​ដទៃ​ទៀត ដូចជា អាល្លឺម៉ង់ ស៊ុយអែត ហុល្លង់ និង​អារ៉ាប៊ីសាអ៊ូឌីត បាន​សហការ​ជាមួយ​ចិន លើ​គម្រោង​ភព​ព្រះចន្ទ​នេះ​។

កាលពី​ថ្ងៃ​ទី​១៤​មករា ​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​បង្ហើប​ថា ចិន​បាន​ផ្ដល់​ទិន្នន័យ​នៃ​ការ​ចុះចត​យាន​ Chang'e 4 នៅ​លើ​ផ្នែក​ម្ខាង​នៃ​ព្រះចន្ទ ទៅ​ឲ្យ​ទីភ្នាក់ងារ NASA ផង​ដែរ។​ យ៉ាងណាមិញ NASA មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ជុំវិញ​កិច្ច​សហការ​ជាមួយ​ភាគី​ចិន​ឡើយ។

កាលពី​ឆ្នាំ​២០១១ សភា​អាមេរិក បាន​ចេញ​សេចក្ដី​ព្រាង​ច្បាប់​មួយ រឹត​បន្តឹង​កិច្ច​សហ​ប្រតិបត្តិការ​នានា រវាង អាមេរិក និង​ចិន លើ​ផ្នែក​អវកាស។ ចំណែក​លោក Wu លើកឡើង​ថា ចិន​សម្រេច​យក​អាមេរិក​ជា​ដៃគូ ព្រោះ​នេះ​ជា​ឱកាស​មាស។ លោក​ថា អាមេរិក​ចង់​ស្វែង​យល់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​របស់​​អាចម៍​ផ្កាយ​ ដែល​បាន​ធ្លាក់​នៅ​លើ​ព្រះ​ចន្ទ​៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;