វៀតណាម ប្រើប្រាស់​ទឹក​ប្រាក់​ជាង ៦០០​លាន​ដុល្លារ សាងសង់​កំពង់ផែ​១បន្ថែម​ទៀត

  • 2019-01-17 03:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ឯកភាព​ឲ្យ​សាងសង់​កំពង់ផែ​ My Thuy ដែល​ត្រូវ​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ ១៤,២៣​ទ្រី​លាន​ដុង ឬ​ប្រមាណ ៦០៨ លាន​ដុល្លារ​អាមេរិក នៅ​ខេត្ត Quang Tri ភាគ​កណ្ដាល​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​គណៈកម្មាធិការ​ប្រជាជន​វៀតណាម​នៃ​ខេត្ត Quang Tri ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩​។

ប្លង់កំពង់ផែ My Thuy (រូប៖ baomoi.com)
គម្រោង​សាងសង់​កំពង់ផែ​នេះ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ Dong Nam នៅ​ឃុំ Hai An ស្រុក Hai Lang ខេត្ត Quang Tri ប្រទេស​វៀតណាម។ អ្នក​វិនិយោគ​ពី​ក្រុមហ៊ុន​កំពង់ផែ​អន្តរជាតិ My Thuy និង​ភាគី​ពាក់ព័ន្ធ​នានា បាន​បោះ​ទុន​វិនិយោគ​លើ​គម្រោង​នេះ។

កំពង់ផែ My Thuy ​នឹង​ត្រូវ​​សាងសង់​លើ​ផ្ទៃ​ដី ៦៨៥​ហិកតា ដែល​មាន​សមត្ថភាព​ទទួល​កប៉ាល់​ចូល​ចត​ ដែល​មាន​ទម្ងន់​រហូត​ដល់ ១០​ម៉ឺន​តោន។ ការ​សាងសង់ ចែក​ជា ៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី១ ចាប់​ពី​ឆ្នាំ​២០១៨ ដល់ ២០២៥, ដំណាក់​កាល​ទី២ ឆ្នាំ​២០២៦ ដល់ ២០៣១ និង ដំណាក់​កាល​ចុងក្រោយ ពី​ឆ្នាំ​២០៣២ ដល់ ២០៣៦។ កំពង់​ផែ​នេះ ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត និង​ខាង​លិច ដើម្បី​បម្រើ​ដល់​តំបន់​សេដ្ឋកិច្ច Dong Nam និង​ទទួល​ទំនិញ​ពី​ប្រទេស​ឡាវ និង​ភាគ​ឦសាន​ប្រទេស​ថៃ​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ខាងលើ លោក Nguyen Duc Chinh ប្រធាន​គណៈកម្មាធិការ​ប្រជាជន​វៀតណាម​ខេត្ត Quang Tri បាន​ឲ្យដឹង​ថា តាម​ការ​គ្រោង​ទុក ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ នឹង​ប្រព្រឹត្ត​ទៅ នា​ខែ​កញ្ញា ឆ្នាំ​២០១៩​ខាងមុខ​នេះ​។

សូម​ជម្រាប​ថា តំបន់​សេដ្ឋកិច្ច Dong Nam ជា​តំបន់​សេដ្ឋកិច្ច​តែ​មួយ​គត់​របស់​ខេត្ត Quang Tri ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី ២៣៧៩២ ហិកតា ក្នុង​ឃុំ​ចំនួន​១៧ នៃ​ស្រុក​ចំនួន​៣ ​៕

អត្ថបទទាក់ទង វៀតណាម គ្រោង​ចំណាយ​ជាង ៣០០លាន​ដុល្លារ សង់​កំពង់ផែ​សមុទ្រ​ថ្មីមួយ

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;