ក្រសួង​ពាណិជ្ជកម្ម ​សោកស្ដាយ​នឹង​រឿង EU ​យក​ពន្ធ​អង្ករ​កម្ពុជា

  • 2019-01-18 01:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​សហភាព​អឺរ៉ុប ​ស្ដីពី​វិធានការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប (EU) មក​លើ​អង្ករ (Indica Rich) នាំ​ចេញ​ពី​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ក្រសួង​ពាណិជ្ជកម្ម បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​ អំពី​ការ​ដាក់​វិធានការ​យកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បន្ទាប់ពី​សហគមន៍​អឺរ៉ុប នឹង​ចាប់​ផ្តើម​គិតពន្ធ​លើ​​អង្ករ​របស់​កម្ពុជា និង​មីយ៉ាន់ម៉ា ដែល​នាំចូល​ទៅកាន់​ប្រទេស​​ជា​សមាជិក EU ២៨​ប្រទេស សម្រាប់​រយៈពេល​៣ឆ្នាំ ចាប់ពី​ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១។

ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ទៀត​ថា ការសម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប មក​លើ​អង្ករ (Indica Rich) ដែល​មាន​ប្រភព​ដើម​ពី​កម្ពុជា មាន​ឥទ្ធិពល​គ្រប់គ្រាន់ សម្រាប់​ដក​ហូត​ចំណូល​របស់​ប្រជា​កសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​សម្រាប់​ធ្វើ​ឃាត​ពួកគាត់ និង​ក្រុម​គ្រួសារ ដែល​កំពុង​ជាប់​បំណុល ជាមួយ​នឹង​ស្ថាប័ន​ឥណទាន ដែល​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ពួកគាត់​។

ក្រសួង​ពាណិជ្ជកម្ម​បន្ថែម​ថា ខ្លួន​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​សេចក្ដី​សម្រេច​នេះ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្ត​ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​សេចក្ដី​សម្រេច​នេះ។ ក្រសួង​ក៏​អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ពិនិត្យ​ឡើងវិញ​នូវ​ការ​សម្រេច​របស់​ខ្លួន ដោយ​ផ្អែក​លើ​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;