សាកល​វិទ្យាល័យ Oxford ផ្អាក​ផ្តល់​ការ​ស្រាវជ្រាវ​ថ្មីៗ​ទាំងអស់ ឱ្យ​ក្រុមហ៊ុន Huawei

  • 2019-01-18 04:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកល​វិទ្យាល័យ Oxford នៃ​ប្រទេស​អង់គ្លេស នឹង​ផ្អាកការ​ផ្តល់​ជា​បណ្តោះ​អាសន្ន​នូវការ​ស្រាវជ្រាវ​ថ្មីៗ​ទាំងអស់​ឱ្យ​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​របស់​ចិន បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ត្រូវបាន​ចោទប្រកាន់​ថា បាន​គំរាម​ដល់​សន្តិសុខ​ជាតិ​នៅ​ជុំវិញ​ពិភពលោក។ នេះ​បើតាមការ​ចុះផ្សាយ​របស់​ South China Morning Post កាលពីថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ដកស្រង់​ចេញពី​សារ​អ៊ីមែល​របស់​គណៈ​កម្មាធិការ​ពិនិត្យ​ការ​បរិច្ចាគ​នៃ​សាកលវិទ្យាល័យ Oxfordដែល​ផ្ញើទៅកាន់​និស្សិត​ថ្នាក់​បណ្ឌិត​វិទ្យាសាស្រ្ត​កុំព្យូទ័រ​របស់​ខ្លួន កាលពី​សប្តាហ៍​មុន។

ការ​សម្រេច​នេះ នឹង​ត្រូវ​ពិនិត្យ​សារជាថ្មី​ដោយ​គណៈកម្មាធិការ​នេះ ក្នុង​រយៈពេល ៣ ទៅ ៦ខែ​ក្រោយ ប៉ុន្តែ​វា​មិនមាន​ផល​ប៉ះពាល់​ដល់​ការ​បរិច្ចាគ​ ឬ​គម្រោង​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយគ្នា​នាពេល​កន្លងមក​នោះទេ។

ក្រុមហ៊ុន Huawei គឺជា​គោលដៅ​នៃការ​ស៊ើប​អង្កេត​របស់​សហរដ្ឋ​អាមេរិក។ អាមេរិក កំពុង​សុំឱ្យ​កាណាដា បញ្ជូន​លោកស្រី Sabrina Meng Wanzhou ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei ទៅ​ប្រទេស​ខ្លួន។ អាមេរិក​បាន​ចោទ​ថា លោកស្រី​បាន​បំពាន​នឹងទណ្ឌកម្ម​របស់​អាមេរិក​ដែល​លើ​ប្រទេសអ៊ីរ៉ង់ ហើយ​ក្រុមហ៊ុន Huawei ត្រូវបាន​ដាក់​ឱ្យស្ថិត​នៅក្រោម​ការស៊ើបអង្កេត​ជុំវិញ​ការលួច​ធ្វើ​ជំនួញ​ស្ងាត់ៗ ជាមួយ​ក្រុមហ៊ុន​អាមេរិក ក្នុងនោះ​រួមមាន​ទាំងក្រុមហ៊ុន T-Mobile ផងដែរ។

បន្ទាប់ពី​អាជ្ញាធរ​កាណាដា បាន​ចាប់ខ្លួន​លោកស្រី Meng Wanzhou កាលពីខែ​ធ្នូ​កន្លង​ទៅ សមាជិក​សភា​អង់គ្លេស បាន​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​នេះ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុងការ​ទទួល​មូលនិធិ​ពី​ក្រុមហ៊ុន Huawei។

លោក Chris Bryant បាន​ប្រាប់​ Daily Telegraph កាលពីខែធ្នូ​ថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃ យើង​ឃើញ​ភស្តុតាង​កាន់តែច្រើន​ដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន ដូចជា Huawei បាន​នឹង​កំពុង​បំពាន​ច្បាប់ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​អង់គ្លេស»។

ចំណែក​ភា្នក់ងារ​ចារកម្ម​អង់គ្លេស ក៏បាន​ព្រមាន​ពីហានិភ័យ​នៃ​ឥទ្ធិពល​របស់ចិន មកលើ​បណ្តាញ​ទូរគមនាគមន៍​អង់គ្លេស​ផងដែរ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;