សិង្ហបុរី គ្រោងទិញ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​បំផុត​មួយ​របស់​អាមេរិក

  • 2019-01-21 03:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារជាតិ​សិង្ហបុរី បាន​ប្រកាស​កាលពី​ថ្ងៃទី១៨ ខែ​មករា ឆ្នាំ​២០១៩កន្លង​ទៅ​ថា សិង្ហបុរី​គ្រោងនឹង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​ក្រុមហ៊ុន​អាមេរិក Lockheed Martin ក្នុង​ចំនួន​តិចតួច ដើម្បី​ធ្វើការ​សាកល្បង និង​សម្រាប់​ជំនួស​យន្តហោះ F-16 ដែល​ប្រើប្រាស់​ជាយូរឆ្នាំ​មក​ហើយ។

ក្រោយ​វាយតម្លៃ​លើ​សមត្ថភាព​របស់​យន្តហោះ F-35រួច ក្រសួង​ការពារជាតិ​សិង្ហបុរី និង​ពិភាក្សា​លម្អិត​ជាមួយ​ភាគី​ពាក់ព័ន្ធ​អាមេរិក ដោយ​ប្រើពេល​ប្រមាណ ៩ ទៅ១២​ខែ មុន​ការ​សម្រេច​បញ្ជាទិញ​យន្តហោះ​នេះ សម្រាប់​ប្រើប្រាស់​ជាផ្លូវការ​ក្នុង​ជួរកងទ័ព​អាកាស​សិង្ហបុរី។ ការពិភាក្សា​នោះ នឹង​ផ្តោតទៅ​លើ​តម្លៃ បរិមាណ ព្រមទាំង​ការ​បណ្តុះបណ្តាល​អាកាសយានិក​ផងដែរ។

បើតាម​លោក Ng Eng Hen រដ្ឋមន្រ្តី​ការពារជាតិ​សិង្ហបុរី បាន​ឱ្យដឹងថា ក្បួន​យន្តហោះ​ចម្បាំង F-16 ប្រមាណ ៦០​គ្រឿង ត្រូវបាន​ដាក់ចូល​ក្នុងជួរ​កងទ័ព​កាលពី​ឆ្នាំ​១៩៩៨ ហើយនឹង​បញ្ឈប់​ការ​ប្រើប្រាស់​នៅក្រោយ​ឆ្នាំ​២០៣០ បើទោះបី​ជា​យន្តហោះ​នេះ ត្រូវបាន​ធ្វើ​កំណែប្រើ​ជាច្រើន​ក៏ដោយ។

យន្តហោះ F-35 គឺ​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​ដ៏ទំនើប​ជាងគេ​បំផុត​មួយ​ក្នុង​ពិភពលោក ដែល​ក្នុងនោះ មួយ​ភាគបួន​នៃ​ចំណូល​របស់​ក្រុមហ៊ុន Lockheed Martin គឺបាន​មកពី​ការ​លក់យន្តហោះ​ប្រភេទ​នេះ។ សម្រាប់​យន្តហោះ​ចម្បាំង​ប្រភេទ F-35A គឺមាន​តម្លៃ​ប្រមាណ ៩០លាន​ដុល្លារ​ក្នុង​មួយគ្រឿង៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;