ប្រធានាធិបតី​ឡាវ ប្រាប់​កងទ័ព​ឱ្យ​ពង្រឹង​ស្មារតី​ត្រៀម​ប្រយុទ្ធ ដើម្បី​ការពារ​ទឹកដី

  • 2019-01-21 06:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ឡាវ លោក Bounnhang Vorachit បាន​ប្រាប់​កងទ័ព​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន បង្កើន​ភាព​ក្លាហាន ពង្រឹង​ស្មារតី​ជាតិនិយម និង​ត្រៀម​ខ្លួន​ប្រយុទ្ធ​ចំពោះ​សកម្មភាព​អមិត្ត​ណាមួយ ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាពទឹកដី​របស់​ខ្លួន។ លោក​ថ្លែង​ដូច្នេះ ក្នុង​ពិធី​ព្យុហយាត្រា​រំលឹក​ខួប ៧០​ឆ្នាំ នៃថ្ងៃ​បង្កើត​កងទ័ព​រំដោះ​ប្រជាជន​ឡាវ កាលពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០១៩ នៅ​ក្រុង​វៀងចន្ទន៍។

លោក​បន្ត​ថា កងទ័ព​ទាំង​អស់​ ត្រូវ​មាន​ការរួបរួម​សាមគ្គី​គ្នា និង​ត្រូវ​ពង្រឹង​ខ្លួនឯង​ដោយការ​បង្កើន​សមត្ថភាព​បញ្ជា និង​ភាពជាអ្នក​ដឹកនាំ ហ្វឹកហាត់​សមយុទ្ធ​ក្នុង​សមរភូមិ​ជាក់ស្តែង ព្រមទាំង​បច្ចេកទេស​ទំនើប​នានា​ផងដែរ។

លោក​ប្រធានាធិបតី​ បាន​ជំរុញ​ឱ្យកងទ័ព​ចូលរួម​រក្សា​ធានា​នូវ​ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​សន្តិសុខ​ជូន​ប្រជាជន​ឡាវ​។ ជាមួយគ្នានេះ កងទ័ព​ឡាវ​ទូទាំង​ប្រទេស ក៏ត្រូវ​បាន​ណែនាំ​ឱ្យចូលរួម​លើក​កម្ពស់ និង​ពង្រឹង​មនោគមន៍វិជ្ជា​នយោបាយ​ ព្រមទាំង​បណ្តាញ​សន្តិសុខ​នៅគ្រប់​កម្រិត​មូលដ្ឋាន​ទាំងអស់​ផងដែរ។

សូម​រំលឹក​ថា កងទ័ព​ប្រជាជន​ឡាវ ដែលពី​មុន​មាន​ឈ្មោះថា «Lao Issara Army» ត្រូវបាន​លោក​ប្រធានាធិបតី Kaysone Phomvihane ប្រកាស​បង្កើត​នៅថ្ងៃទី​២០ ខែ​មករា ឆ្នាំ​១៩៤៩ ក្នុងស្រុក Xiengkhor ខេត្ត Huaphan ដែលជា​តំបន់​ដ៏រឹងមាំនៃ​ការ​ធ្វើបដិវត្តន៍​របស់​ឡាវ។

គួរ​ជម្រាប​ថា ក្នុងពិធី​រំលឹកខួប​នេះ មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់ ដែល​ជា​មេដឹកនាំ និង​សមាជិក​បក្សកុម្មុយនិស្ត​ឡាវ កងទ័ព មន្រ្តី​សាធារណៈ ព្រមទាំង​មានការ​ចូលរួមពី​តំណាង​ប្រមុខ​យោធា​របស់​កម្ពុជា វៀតណាម រុស្ស៊ី ចិន ថៃ និង​មីយ៉ាន់ម៉ា​ផងដែរ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;