នាយករដ្ឋមន្ត្រី​វៀតណាម​៖ យើង​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ក្ដាប់​ឱកាស​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម

  • 2019-01-21 06:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ថ្លែង​ជុំវិញ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង ចិន ថា "ពួកយើង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ក្ដាប់​ឱកាស​មួយ​នេះ"។ ការ​ថ្លែង​នេះ បាន​ធ្វើឡើង​ក្នុង​កិច្ច​សម្ភាស​របស់​ Bloomberg TV កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ មុន​លោក​ទៅ​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​ក្រុង Davos ប្រទេស​ស្វីស។

លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc
លោក​នាយករដ្ឋមន្ត្រី​វៀតណាម ឲ្យដឹង​ថា វៀតណាម​កំពុង​បង្កើន​ការ​នាំចេញ​ផលិតផល ​ដោយ​គិត​ទាំង​បរិមាណ​ និង​គុណភាព ជាពិសេស​ផ្នែក អាហារ​គ្រឿង​សមុទ្រ ផលិត​ផល​កសិកម្ម ស្បែកជើង និង​គ្រឿង​អេឡិចត្រូនិក។ ជាមួយ​គ្នា​នេះ វៀតណាម រំពឹង​ថា នឹង​ក្លាយ​ជា​ប្រទេស​នាំចេញ​មួយ ដែល​មាន​កំណើន​យ៉ាង​ឆាប់រហ័ស និង​អាច​ផ្ដល់​ការងារ​កាន់តែ​ច្រើន ជាមួយ​ប្រាក់​ចំណូល​ខ្ពស់​ថែមទៀត សម្រាប់​ប្រជាជន​វៀតណាម។

យ៉ាងណាក៏ដោយ លោក Nguyen Xuan Phuc លើកឡើង​ថា វៀតណាម​ត្រូវ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដូចជា កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​កម្មករ​ដែល​មាន​ជំនាញ ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ មាន​ការ​លំបាក​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ងាក​ពី​ចិន​ មក​ដំឡើង​រោងចក្រ​នៅ​ប្រទេស​របស់​ខ្លួន​។

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ ៧,១ភាគរយ ក្នុង​ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី​វៀតណាម រំពឹង​ក្នុង​ឆ្នាំ​២០១៩ កំណើន​ស្ថិត​ក្នុង​ចន្លោះ​ពី ៦,៦ ទៅ ៦,៨ ភាគរយ​។

សូម​ជម្រាប​ថា ការ​នាំចេញ​របស់​វៀតណាម កើន​ដល់ ២៤៤​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ ក្នុង​នោះ ការ​នាំចេញ​ទៅ​សហរដ្ឋ​អាមេរិក មាន​ប្រមាណ ៤៨​ពាន់​លាន​ដុល្លារ​ ដែល​កើន​ជាង ២ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣​៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;