សម្តេច ហ៊ុន សែន ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន ឆាប់​សាងសង់​ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ

  • 2019-01-21 07:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) បើកការដ្ឋាន​សាងសង់​ឱ្យ​បាន​ឆាប់​នូវ​គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ដែល​ត្រូវបាន​ធ្វើការ​ដោះស្រាយ​រួចមក​ហើយ​នោះ។ ការថ្លែង​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​សម្តេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​នេះ នៅថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ឱកាស​ដែល​សម្តេច​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ជាមួយ​គ្នានេះ សម្តេច ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ចិន​នេះ សិក្សា​ជា​បន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​កសាង​ផ្លូវ​ដែល​ត្រូវត​ភ្ជាប់​ចេញពី​រាជធានីភ្នំពេញ ជាមួយ​នឹង​ផ្លូវ​ល្បឿនលឿន​នេះ​ផងដែរ។

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិន នាថ្ងៃទី២១ មករា ២០១៩ នៅក្រុងប៉េកាំង។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សូម​ជម្រាប​ថា ការ​សាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ខាងលើ ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

បើតាម​ការ​លើកឡើង​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្មីៗ​នេះ ឱ្យដឹង​ថា ផ្លូវល្បឿនលឿន​នេះ  នឹងអាច​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែ​កុម្ភៈ ឬ​ដើមខែ​មីនា​ខាងមុខ​នេះ ខណៈ​ដែល​គ្រឿងចក្រ​ដែល​មាន​តម្លៃ​ប្រមាណ ១០០លាន​ដុល្លារ នឹងត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ដំណាច់ខែ​មករា​ខាងមុខ​នេះ ឯ​អ្នក​បច្ចេកទេស-វិស្វកម្ម​ចិន​ប្រហែល​២០០​នាក់ បាន​មកដល់​ហើយ។

គម្រោង​ផ្លូវ​ល្បឿនលឿន​នេះ ឆ្លងកាត់ ៤​រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង​១១០​ភូមិ។ ផ្លូវ​ល្បៀនលឿន​នេះ ក្រាល​​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយមាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ) សងខាង ជាយផ្លូវ​កៅស៊ូ​២ (២x២,៥ម៉ែត្រ) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រម​ទាំង​មាន​ស្ពាន ៨៩​កន្លែង។

ផ្លូវ​នេះ​មាន​កន្លែង​សម្រាប់​ឈប់​សម្រាក​ចំនួន​៤​កន្លែង និង​ស្ថានីយ​ប្រេង​ឥន្ធនៈ ៣​កន្លែង។ ផ្លូវនេះ​ក៏មាន​របង​អម​តាម​សងខាង​ផ្លូវនោះ​ដើម្បី​ការពារ​សត្វ​ពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន​ សរុប​ប្រហែល​៥៧,១៩​គីឡូម៉ែត្រ ព្រមទាំង​មាន​កន្លែង​មនុស្ស និង​សត្វ​ព្រៃ​ឆ្លងកាត់​ចំនូន ៣៥២​កន្លែង​ផងដែរ៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;